អ្នកការទូតអាម៉េរិក ដាស់តឿនឱ្យចិន គួរតែបោះបង់ការគំរាមកំហែងលើកោះតៃវ៉ាន់
តៃប៉ិ៖ មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកប្រចាំនៅតៃវ៉ាន់ បានចេញមុខជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ឈប់ការប្រើប្រាស់សម្ពាធយោធា និងការគំរាមកំហែងនានាប្រឆាំងនឹងកោះតៃវ៉ាន់។ លោក ររ៉យមុន ហ្គ្រីន (Raymond Greene) ប្រធានវិទ្យាស្ថានអាម៉េរិកប្រចាំតៃវ៉ាន់ (AIT) ដែលដើរតួជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅទីនោះ បានសង្កត់ធ្ងន់ថា ការបើកច្រកទំនាក់ទំនង និងការចរចាដោយផ្ទាល់ជាមួយមេដឹកនាំដែលប្រជាជនតៃវ៉ាន់ជ្រើសរើស គឺជាមធ្យោបាយតែមួយគត់ដើម្បីចៀសវាងការយល់ច្រឡំដែលអាចបង្កជាសង្គ្រាម ។
ស្ថានភាពបច្ចុប្បន្នមានភាពស្មុគស្មាញ ដោយសារតែទីក្រុងប៉េកាំងបានជ្រើសរើសចរចាតែជាមួយគណបក្សប្រឆាំង គូមីងតាំង (KMT) ប៉ុណ្ណោះ ប៉ុន្តែបែរជាបដិសេធមិននិយាយជាមួយមេដឹកនាំតៃវ៉ាន់ដែលកំពុងកាន់អំណាចឡើយ។ អ្នកការទូតអាម៉េរិកមើលឃើញថា ទង្វើនេះ គឺមិនទាន់គ្រប់គ្រាន់ឡើយនៅក្នុងការបង្កើតស្ថិរភាពយូរអង្វែងសម្រាប់តំបន់ច្រកសមុទ្រតៃវ៉ាន់ ។
ទោះបីជាមានការជួបពិភាក្សាគ្នារវាងថ្នាក់ដឹកនាំចិន និងបក្សប្រឆាំងតៃវ៉ាន់ក៏ដោយ សកម្មភាពយោធារបស់ចិននៅជុំវិញកោះនេះនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។ សម្ពាធយោធានេះ បានធ្វើឱ្យតៃវ៉ាន់ និងសម្ព័ន្ធមិត្តមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលរដ្ឋាភិបាលតៃវ៉ាន់ផ្ទាល់ក៏កំពុងជួបបញ្ហាផ្ទៃក្នុងក្នុងការអនុម័តកញ្ចប់ថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ។
សហរដ្ឋអាម៉េរិកបានបង្ហាញជំហរច្បាស់លាស់ថា ខ្លួននៅតែជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងជាអ្នកគាំទ្រដ៏រឹងមាំរបស់តៃវ៉ាន់ ទោះបីជាគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ សម្រាប់អាម៉េរិក ការចរចា និងការទប់ស្កាត់តាមផ្លូវយោធាត្រូវតែដើរទន្ទឹមគ្នា ព្រោះបើតៃវ៉ាន់មិនមានកម្លាំងការពារខ្លួនគ្រប់គ្រាន់ទេ ការចរចានឹងមិនអាចប្រព្រឹត្តទៅដោយស្មើភាពឡើយ ។
អ្នកការទូតអាម៉េរិក បញ្ជាក់ថា មានផ្លូវតែបីប៉ុណ្ណោះក្នុងការដោះស្រាយវិបត្តិនេះ គឺការចរចា ការបង្ខិតបង្ខំដោយកម្លាំង ឬសង្គ្រាម។ ដើម្បីចៀសវាងគ្រោះថ្នាក់បំផុតគឺសង្គ្រាម តៃវ៉ាន់ចាំបាច់ត្រូវតែមានសមត្ថភាពការពារខ្លួនឱ្យខ្លាំងក្លាបំផុត ដើម្បីបង្ខំឱ្យភាគីម្ខាងទៀតជ្រើសរើសយកការចរចាជាសន្តិវិធីវិញ ជាជាងការប្រើប្រាស់កម្លាំងបាយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ Taipei Times/ CTI via REUTERS TV/ Shutter Stock