ព័ត៌មានអន្តរជាតិ

ចិនផ្ដល់ការលើកទឹកចិត្តដល់តៃវ៉ាន់ ដើម្បីពង្រឹងទំនាក់ទំនង បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង បំពេញទស្សនកិច្ចនៅចិន

image


ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសដាក់ចេញនូវវិធានការលើកទឹកចិត្តចំនួន ១០ ចំណុច ដើម្បីពង្រឹងទំនាក់ទំនងជាមួយតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំគណបក្សប្រឆាំងតៃវ៉ាន់បានបញ្ចប់ទៅដោយជោគជ័យ។ វិធានការទាំងនេះ ផ្ដោតសំខាន់លើការស្ដារឡើងវិញនូវវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការជួយសម្រួលដល់ពាណិជ្ជកម្មផលិតផលកសិកម្ម និងជលផល ដែលធ្លាប់តែត្រូវរឹតត្បិតកន្លងមក ។

ចំណុចសំខាន់បំផុតមួយនៅក្នុងផែនការនេះ គឺការបើកផ្លូវឱ្យមានការហោះហើរត្រង់ឡើងវិញពេញលេញរវាងចិន និងតៃវ៉ាន់ ព្រមទាំងអនុញ្ញាតឱ្យប្រជាជនចិនពីតំបន់សេដ្ឋកិច្ចសំខាន់ៗអាចទៅកម្សាន្តនៅតៃវ៉ាន់។ នេះគឺជាយុទ្ធសាស្ត្រប្រើប្រាស់វិស័យទេសចរណ៍ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជនទាំងសងខាង ដែលត្រូវបានអាក់ខានតាំងពីសម័យកូវីដ-១៩ ។

ក្រៅពីសេដ្ឋកិច្ច ចិនក៏បានបើកទ្វារសម្រាប់វិស័យកម្សាន្តរបស់តៃវ៉ាន់ផងដែរ ដោយអនុញ្ញាតឱ្យមានការបញ្ចាំងភាពយន្ត និងរឿងភាគតៃវ៉ាន់នៅក្នុងប្រទេសចិន។ ទោះជាយ៉ាងណាក្ដី ចិនបានដាក់លក្ខខណ្ឌថារឿងទាំងនោះត្រូវតែមានខ្លឹមសារដែលចិនចាត់ទុកថា «ល្អ និងត្រឹមត្រូវ» ដោយនេះ បង្ហាញពីការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើឥទ្ធិពលវប្បធម៌ និងមនោគមវិជ្ជា ។

ទោះបីជាមានការផ្ដល់ផលប្រយោជន៍ទាំងនេះក៏ដោយ ក៏ចិននៅតែរក្សាជំហរនយោបាយដាច់ខាត ដោយបញ្ជាក់ថា ការសម្រួលដល់ពាណិជ្ជកម្មអាហារ និងផលិតផលជលផល ត្រូវតែឈរលើមូលដ្ឋាននៃការប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ ។

ការវិវត្តថ្មីនេះ បានបង្ហាញពីការបែកបាក់គ្នាកាន់តែខ្លាំងក្នុងនយោបាយផ្ទៃក្នុងតៃវ៉ាន់ ខណៈបក្សប្រឆាំងទទួលបានការស្វាគមន៍ពីចិន តែរដ្ឋាភិបាលបច្ចុប្បន្នបែរជាត្រូវចិនបដិសេធ។ ស្ថានភាពនេះ បង្កើតជាសម្ពាធយ៉ាងខ្លាំងដល់ប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន ក្នុងការសម្រេចចិត្តថាតើត្រូវឆ្លើយតបយ៉ាងណា ចំពោះការផ្ដល់ជូនដែលប្រជាជនតៃវ៉ាន់ជាច្រើនចង់បាន ប៉ុន្តែមកជាមួយលក្ខខណ្ឌនយោបាយដ៏តឹងរ៉ឹង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖​ CTI via Reuters/ Tangshu Wang via Reuters/ The China Global South Project/ Shutter Stock