ព័ត៌មានអន្តរជាតិ

អាម៉េរិកព្រមានចិនពីផលវិបាកធ្ងន់ធ្ងរ​ បើហ៊ានតែបញ្ជូនអាវុធទៅឱ្យអ៊ីរ៉ង់

image


សហរដ្ឋអាម៉េរិក៖ នៅក្នុងជំនួបជាមួយក្រុមអ្នកយកព័ត៌មានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខព្រមានប្រទេសចិនថា​ រដ្ឋធានីប៉េកាំង នឹងត្រូវប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរកឃើញថាមានការលួចលាក់ផ្គត់ផ្គង់អាវុធទៅឱ្យប្រទេសអ៊ីរ៉ង់។ ការព្រមាននេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានលេចធ្លាយថា ទីក្រុងប៉េកាំងគ្រោងនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅឱ្យអ៊ីរ៉ង់ ជាទង្វើមួយដែលអាម៉េរិកចាត់ទុកថាជាការបន្ថែមសាំងលើភ្លើងក្នុងស្ថានភាពដ៏ក្ដៅគគុកនាតំបន់មជ្ឈិមបូព៌ា។

ភាពតានតឹងនេះ បានកើតឡើងស្របពេលស្ថានភាពសន្តិសុខនៅក្នុងច្រកសមុទ្រ ហ័រមូស (Hormuz) កំពុងស្ថិតក្នុងសភាពផុយស្រួយបំផុត ដែលអាចប៉ះពាល់ដល់ការដឹកជញ្ជូនថាមពលពិភពលោក។ លោក ត្រាំ បានប្រើប្រាស់ពាក្យសម្ដីវាយប្រហារធ្ងន់ៗដើម្បីដាក់សម្ពាធលើចិន កុំឱ្យចូលជ្រៀតជ្រែកក្នុងជម្លោះនេះតាមរយៈការផ្ដល់ជំនួយយោធា ដែលអាចធ្វើឱ្យមានអស្ថិរភាពកាន់តែខ្លាំងដល់តំបន់ទាំងមូល។

ទោះបីជាមានការព្រមានផ្នែកយោធា និងសម្ដីវាយប្រហារគ្នាខ្លាំងៗក៏ដោយ ប៉ុន្តែកិច្ចការការទូតនៅតែបន្តដំណើរការយ៉ាងមមាញឹកនៅពីខាងក្រោយឆាក។ បច្ចុប្បន្ន ទាំងភាគីអាម៉េរិក និងអ៊ីរ៉ង់ បានយល់ព្រមអនុវត្តបទឈប់បាញ់បណ្ដោះអាសន្នរយៈពេលពីរសប្តាហ៍ ដើម្បីបើកផ្លូវឱ្យមានការចរចាស្វែងរកសន្តិភាព និងកាត់បន្ថយការបង្ហូរឈាមគ្នាដែលបានកើតឡើងនាពេលកន្លងមក។

ទោះជាយ៉ាងណាក្ដី នៅក្នុងជំនួបចរចាជាប្រវត្តិសាស្ត្ររវាងអាម៉េរិក​ និងអ៊ីរ៉ង់​ នាទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន​ មិនសម្រេចបាននូវលទ្ធផលផ្លែផ្កាឡើយ ដែលបង្កជាក្ដីព្រួយបារម្ភជាអន្តរជាតិបន្ថែមទៀតប្រសិនបេីមានសង្គ្រាមទ្រង់ទ្រាយធំផ្ទុះឡេីងសារជាថ្មី​ ព្រោះវានឹងបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បណ្ដាប្រជាជាតិដែលពឹងផ្អែកការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រហ័រមូស។

បន្ថែមពីបញ្ហាដែលមានស្រាប់ ការព្រមានរបស់លោក ត្រាំ ទៅកាន់ប្រទេសចិន បានក្លាយជាបញ្ហាថ្មីមួយផ្សេងទៀតដែលធ្វើឱ្យភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗទាំងបី រួមមាន​ អាម៉េរិក ចិន និងអ៊ីរ៉ង់ កាន់តែមានភាពស្មុគស្មាញ និងគួរឱ្យព្រួយបារម្ភជាទីបំផុត​ ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ VIORY | រូបភាព៖ AP/ The Economic Times/ (Getty Images/ Stock Photo)/ (Bilal Hussein/AP)