ថ្នាក់ដឹកនាំខេត្តកណ្តាល ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
កណ្តាល៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសាលប្រជុំសាលាខេត្តកណ្តាល។
មានប្រសាសន៍ក្នុងពិធីនេះ លោក គួច ចំរើន បានសាកសួរសុខទុក្ខ ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋបានយ៉ាងសកម្ម នាពេលកន្លងមក។ ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ សូមបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។
ក្នុងពិធីនេះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ពីគោលជំហរឥតងាករេរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការច្បាប់ និងការទូត ដោយមិនចង់ឱ្យមានសង្គ្រាមកើតឡើយ។ លោក បានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធ វីរៈកងទ័ពដែលកំពុងឈរជើងការពារព្រំដែនយ៉ាងសកម្ម និងអង់អាចក្លាហាន។
ពាក់ព័ន្ធនឹងបញ្ហាតម្លៃប្រេងឡើងថ្លៃ ដែលបង្កឡើងដោយវិបត្តិនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា លោក បានពន្យល់ថា នេះជាបញ្ហាសកលដែលប៉ះពាល់ដល់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន រួមទាំងការកាត់បន្ថយពន្ធប្រេង ដើម្បីសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ដោយឡែកចំពោះការបង្ក្រាបបទល្មើសបច្ចេកវិទ្យា លោកអភិបាលខេត្តកណ្តាល បានបញ្ជាក់អំពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ ដោយបានដាក់ចេញអនុក្រឹត្យលេខ ០០១ ស្តីពីការប្រឆាំងបទល្មើស Scam Online និងបានបង្កើតឱ្យមានច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធនិងបទល្មើស Scam Online ក្នុងករណីសង្ស័យ សូមប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា។
បន្ថែមពីលើនេះទៀត លោកអភិបាលខេត្តកណ្ដាល បានអំពាវនាវឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាព ក្នុងរដូវក្តៅនេះ ដោយពិសារទឹកឱ្យបានច្រើន៕