នំត្នោត ១លាននំ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅខេត្តកំពង់ស្ពឺ ក្នុងឱកាសពិធីចូលឆ្នាំថ្មី
កំពង់ស្ពឺ៖ នៅក្នុងពិធីអបអរសាទរកំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៦ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមការផ្តួចផ្តើមរបស់លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន បានរៀបចំបង្កើតមហាព្រឹត្តិការណ៍សង្ក្រាន្តដោយរៀបចំវេចខ្ចប់នំធ្វើពីត្នោតទុំដើម្បីដាក់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិពិសាដោយឥតគិតថ្លៃ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ត្នោតគឺជាអត្តសញ្ញាណជាតិ អត្តសញ្ញាណនៃអ្នកកំពង់ស្ពឺ។ ដូច្នេះដើម្បីលើកកម្ពស់នៃអត្តសញ្ញាណជាតិដ៏លេចធ្លោនេះ រដ្ឋបាលខេត្តបានរៀបចំដោយយកផ្លែត្នោតទុំមកធ្វើជានំចម្រុះដើម្បីត្រៀមទទួលស្វាគមន៍ និងចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងព្រឹត្តិការណ៍«កំពង់ស្ពឺសង្ក្រាន្ត»សម្រាប់ឆ្នាំនេះឆ្នាំ២០២៦។
លោកថា ការរៀបចំឱ្យមានវត្តមាននំត្នោតសម្រាប់ជូនដល់ភ្ញៀវទេសចរសម្រាប់ពិសាក្នុងឱកាសសង្ក្រាន្ត វាមិនត្រឹមតែបង្ហាញពីការបដិសណ្ឋារកិច្ចដ៏កក់ក្តៅប៉ុណ្ណោះទេ ប៉ុន្តែវាបានទាំងជាការចូលរួមលើកកម្ពស់កសិផលខ្មែរ និងបង្ហាញពីសក្តានុពលដ៏សម្បូរបែបនៃទឹកដីខេត្តកំពង់ស្ពឺ។ជាងនេះគឺបានបង្ហាញពីរសជាតិនៃនំត្នោតដែលវេចខ្ចប់ដោយដៃរបស់អ្នកកំពង់ស្ពឺផងដែរ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំថ្មីនេះ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិឱ្យទៅលេងឱ្យបានច្រើនកុះករ ហើយចូលរួមលេងកម្សាន្តជាមួយល្បែងប្រជាប្រិយគ្រប់ប្រភេទដែលរៀបចំដោយក្រុមការងារ ហើយក៏ទៅទទួលយករសជាតិដើមដ៏ឈ្ងុយឆ្ងាញ់នៃនំត្នោតចម្រុះចំនួន១លាននំដោយឥតគិតថ្លៃនៅបរិវេណសួនសម្តេចសង្ឃជួនណាតចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦៕
អត្ថបទ៖ ប៊ុត សារុន