លោកត្រាំប្រកាសពីការបិទច្រកសមុទ្រហ័រមូស និងរិះគន់ណាតូថា អាម៉េរិកចំណាយលុយច្រើនណាស់ដើម្បីការពារអឺរ៉ុប តែពេលអាម៉េរិកត្រូវការវិញ ណាតូ បែរជាមិនសហការ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារព្រមានធ្ងន់ៗទៅកាន់អង្គការណាតូ (NATO) ដោយលោកបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តមួយនេះ។ លោកយល់ថា អាម៉េរិកបានចំណាយថវិកាមហាសាលរាប់លានលានដុល្លារដើម្បីការពារអឺរ៉ុបពីសត្រូវ ប៉ុន្តែនៅពេលអាម៉េរិកត្រូវការជំនួយវិញ ណាតូ (NATO) បែរជាមិនបានផ្ដល់កិច្ចសហការឱ្យបានដិតដល់ឡើយ ដែលនាំឱ្យលោកគ្រោងនឹងពិនិត្យមើលទំនាក់ទំនងនៃសម្ព័ន្ធភាពនេះឡើងវិញ ។
ក្រៅពីព្រមានណាតូ លោកក៏បានប្រកាសដាក់ចេញនូវវិធានការយោធាដ៏តឹងរ៉ឹងបំផុត ដោយសម្រេចបិទច្រកសមុទ្រ Hormuz ជាផ្លូវការចាប់ពីម៉ោង ១០ ព្រឹកថ្ងៃចន្ទ (ថ្ងៃទី១៣ ខែមេសា ២០២៦ ឬម៉ោង ៩យប់ថ្ងៃចន្ទនៅកម្ពុជា)។ ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនដ៏សំខាន់របស់អ៊ីរ៉ង់ បន្ទាប់ពីលោកចោទប្រកាន់ថា មេដឹកនាំអ៊ីរ៉ង់បានកុហក និងមិនគោរពតាមការសន្យាក្នុងការរក្សាស្ថិរភាពផ្លូវទឹកពិភពលោក ។
ជុំវិញស្ថានភាពយោធា លោក ត្រាំ បានអះអាងដោយមោទនភាពថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់ត្រូវបានអាម៉េរិកកម្ទេចស្ទើរតែទាំងស្រុងទៅហើយ ដោយនាវាចម្បាំង និងនាវាបង្កប់មីនជាង ១៥០ គ្រឿងត្រូវបានលិចចូលទៅក្នុងបាតសមុទ្រ។ ការអះអាងនេះ ហាក់បង្ហាញថា អាម៉េរិកមានប្រៀបលើសមរភូមិជើងទឹក ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអនុវត្តវិធានការបិទច្រកសមុទ្រ Hormuz នាពេលនេះ ។
ការប្រកាសបិទច្រកសមុទ្រ និងការរិះគន់ NATO កើតឡើងភ្លាមៗបន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាដ បានទទួលបរាជ័យទាំងស្រុង។ ភាពបរាជ័យនេះ បានធ្វើឱ្យបទឈប់បាញ់រយៈពេលពីរសប្តាហ៍ដែលធ្លាប់បានគ្រោងទុកត្រូវរលាយបាត់ទៅវិញ ខណៈអនុប្រធានាធិបតីអាម៉េរិក លោក JD Vance បានចាត់ទុកថាស្ថានភាពនេះ គឺជាគ្រោះមហន្តរាយដ៏ធំសម្រាប់ភាគីអ៊ីរ៉ង់ ។
ទោះជាបែបណាក្ដី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាជី (Abbas Araghchi) និយាយថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់នឹងបញ្ឈប់ប្រតិបត្តិការការពារខ្លួន លុះត្រាតែការវាយប្រហារលើប្រទេសរបស់លោកត្រូវបានបញ្ឈប់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Beata Zawrzel/NurPhoto/Getty Images/File)