ចិន អំពាវនាវឱ្យភាគីពាក់ព័ន្ធចរចាតាមផ្លូវការទូត ក្រោយលោកត្រាំសម្រេចប្រើកម្លាំងបិទច្រកសមុទ្រហ័រមូស
ចិន៖ រដ្ឋាភិបាលចិនបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដាក់បញ្ជាឱ្យបិទខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz) តាមផ្លូវយោធា។ ចិនយល់ឃើញថា សកម្មភាពនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនថាមពលពិភពលោក និងស្ថិរភាពសេដ្ឋកិច្ចអន្តរជាតិ ដែលតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធីជាបន្ទាន់ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់ថា ឫសគល់នៃបញ្ហានៅមជ្ឈិមបូព៌ានាពេលនេះ គឺបណ្ដាលមកពីសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់។ ដូច្នេះ ការប្រើប្រាស់មធ្យោបាយយោធាដើម្បីបិទច្រកសមុទ្រ មិនមែនជាដំណោះស្រាយយូរអង្វែងឡើយ ប៉ុន្តែផ្ទុយទៅវិញ មានតែការចរចាតាមផ្លូវការទូតប៉ុណ្ណោះ ទើបអាចស្ដារសន្តិភាពក្នុងតំបន់ឡើងវិញបាន ។
ទន្ទឹមនឹងការអំពាវនាវឱ្យមានសន្តិភាព ចិនក៏បានច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មានដែលថាខ្លួនបានផ្គត់ផ្គង់អាវុធឱ្យអ៊ីរ៉ង់។ ចិនបានអះអាងពីជំហរច្បាស់លាស់ក្នុងការគ្រប់គ្រងការនាំចេញគ្រឿងយុទ្ធោបករណ៍ដោយការទទួលខុសត្រូវ និងបានរិះគន់អាម៉េរិកវិញចំពោះការចោទប្រកាន់ដោយគ្មានភស្តុតាង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ។
ស្ថានភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីការចរចារយៈពេល ២១ ម៉ោងនៅទីក្រុងអ៊ីស្លាម៉ាបាដ បានបញ្ចប់ដោយគ្មានលទ្ធផល។ ភាគីអាម៉េរិកបានបង្ហាញជំហរតឹងរឹង ដោយព្រមានថានឹងបង្កការបំផ្លិចបំផ្លាញដល់អ៊ីរ៉ង់កាន់តែខ្លាំង ប្រសិនបើមិនព្រមធ្វើតាមលក្ខខណ្ឌ ចំណែកអ៊ីរ៉ង់ក៏មិនទាន់បង្ហាញសញ្ញានៃការចុះចាញ់ក្នុងបញ្ហាស្នូលមួយចំនួនដូចគ្នាដែរ ។
ក្រៅពីគំរាមផ្នែកយោធា លោក ដូណាល់ ត្រាំ ក៏បានគំរាមដំឡើងពន្ធ ៥០ % លើទំនិញពីប្រទេសណាដែលជួយជ្រោមជ្រែងផ្នែកយោធាដល់អ៊ីរ៉ង់។ ការប្រើប្រាស់សម្ពាធពីរផ្នែកព្រមគ្នានេះ បានរុញច្រានឱ្យតំបន់មជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោក ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងពិបាកនឹងស្មានពីលទ្ធផលនាពេលខាងមុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Shady Alassar/Anadolu/Getty Images)