អ៊ីរ៉ង់រៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយដើម្បីគ្រប់គ្រង និងយកពន្ធលើនាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស
អ៊ីរ៉ង់៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសបិទច្រកសមុទ្រហ័រមូស (Hormuz) តាមផ្លូវយោធា ភាគីអ៊ីរ៉ង់បានឆ្លើយតបភ្លាមៗតាមរយៈការរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីគ្រប់គ្រង និងយកពន្ធលើនាវាទាំងអស់ដែលឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ។ សមាជិកសភាអ៊ីរ៉ង់ លោក អាលី ស៊ីរីនហ្សាដ (Ali Shirinzad) ដោយអះអាងថា នេះគឺជាសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការគ្រប់គ្រងដែនទឹក និងធានាសន្តិសុខ ក៏ដូចជាការផ្ដល់សេវាធានារ៉ាប់រងលើហានិភ័យផ្សេងៗ ។
ច្បាប់ថ្មីនេះ នឹងមានវិសាលភាពគ្របដណ្ដប់លើនាវាគ្រប់ប្រភេទ មិនថានាវាដឹកទំនិញ នាវាដឹកអ្នកដំណើរ ឬសូម្បីតែនាវាទេសចរណ៍កម្សាន្តនោះឡើយ។ ម្ចាស់នាវាទាំងអស់ តម្រូវឱ្យបង់ពន្ធមកឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ ដែលទង្វើនេះ ត្រូវគេមើលឃើញថា ជាការបង្វែរការបិទខ្ទប់របស់អាម៉េរិក មកជាឱកាសក្នុងការប្រមូលចំណូល និងពង្រឹងឥទ្ធិពលនយោបាយរបស់ខ្លួននៅក្នុងតំបន់ ។
ស្ថានការណ៍នេះ បានឈានដល់ចំណុចតានតឹងបំផុត បន្ទាប់ពីការចរចាសន្តិភាពនៅប្រទេសប៉ាគីស្ថានបានបរាជ័យទាំងស្រុង។ ការបិទខ្ទប់របស់អាម៉េរិក និងការបង្កើតច្បាប់យកពន្ធរបស់អ៊ីរ៉ង់ បានធ្វើឱ្យចរាចរណ៍នាវានៅក្នុងច្រកសមុទ្រ Hormuz ធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កជាក្ដីបារម្ភដល់សន្តិសុខថាមពល និងពាណិជ្ជកម្មសកល ស្របពេលបទឈប់បាញ់ពីរសប្តាហ៍ ក៏ត្រូវរលាយបាត់ទៅវិញ ។
ទន្ទឹមនឹងជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ក៏មានការបន្តវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីស្រាអ៊ែលទៅលើក្រុមហេសបូឡាហ៍ នៅក្នុងប្រទេសលីបង់ផងដែរ។ លោកនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បញ្ជាក់ថា បទឈប់បាញ់រវាងអាម៉េរិក និងអ៊ីរ៉ង់ មិនបានរាប់បញ្ចូលជម្លោះនៅលីបង់ឡើយ ដែលនេះកាន់តែធ្វើឱ្យស្ថានការណ៍ជម្លោះរវាងមហាអំណាច និងក្រុមប្រដាប់អាវុធក្នុងតំបន់ កាន់តែមានភាពស្មុគស្មាញបំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Shady Alassar/Anadolu/Getty Images)