ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូណេស៊ី ទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

image


ឥណ្ឌូណេស៊ី-រុស្ស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីពង្រឹងចំណងមិត្តភាព និងពិភាក្សាលើបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin)។ ជំនួបនេះ ឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ខណៈមេដឹកនាំឥណ្ឌូណេស៊ី បានលើកសរសើរពីសមិទ្ធផលអវកាសរបស់រុស្ស៊ី ដែលបានដក់ជាប់ក្នុងបេះដូងប្រជាជនឥណ្ឌូណេស៊ីតាំងពីជំនាន់មុនមកម៉្លេះ ។

ចំណុចសំខាន់នៃកិច្ចពិភាក្សានេះ គឺការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពល ឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន។ លោក ស៊ូប៊ីយ៉ានតូ បានបង្ហាញឆន្ទៈក្នុងការចូលរួមដោយផ្ទាល់ ដើម្បីដោះស្រាយរាល់ឧបសគ្គនានា ជាពិសេសពាក់ព័ន្ធនឹងការទូទាត់ហិរញ្ញវត្ថុ និងការអនុវត្តគម្រោងធំៗឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអស្ថិរភាពសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ។

រុស្ស៊ីឯណោះវិញ បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីរបស់ឥណ្ឌូណេស៊ី នៅលើឆាកអន្តរជាតិ។ តាមរយៈការជ្រោមជ្រែងជាបន្តបន្ទាប់មកនេះ លោក ពុទីន ចាត់ទុកថា ឥណ្ឌូណេស៊ី បានក្លាយជាសមាជិកពេញសិទ្ធិនៃក្រុមប្រ៊ីក (BRICS) ដែលជាប្លុកសេដ្ឋកិច្ចងើបឡើងថ្មីដ៏មានឥទ្ធិពលរួចទៅហើយ ទោះស្ថិតនៅក្នុងសំណើរសុំចូលជាសមាជិកពេញសិទ្ធក៏ដោយ។ ការណ៍នេះ នឹងបើកឱកាសថ្មីៗជាច្រើនសម្រាប់ឥណ្ឌូណេស៊ី ក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី និងប្រទេសដទៃទៀតក្នុងតំបន់អឺរ៉ាស៊ី ។

ក្រៅពីសេដ្ឋកិច្ច មេដឹកនាំទាំងពីរ បានឯកភាពគ្នាពង្រីងការធ្វើការងាររួមគ្នាលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ រួមមានវិស័យអវកាស កសិកម្មទំនើប ឧស្សាហកម្ម និងការផលិតឱសថ។ លោក ពុទីន បានចាត់ទុកវិស័យទាំងនេះថាជា «ភាពជាដៃគូដ៏មានសក្ដានុពលបំផុត» ដែលនឹងផ្ដល់ផលប្រយោជន៍យ៉ាងមហាសាលដល់ប្រជាជននៃប្រទេសទាំងសងខាងនាពេលអនាគត ។

ជំនួបនេះ ក៏បានបង្ហាញពីភាពចុះសម្រុងគ្នានៃការទូតចម្រុះសាសនាផងដែរ។ ទោះបីជាឥណ្ឌូណេស៊ីជាប្រទេសមូស្លីមធំជាងគេក៏ដោយ ប៉ុន្តែមេដឹកនាំឥណ្ឌូណេស៊ីនៅតែផ្ដល់តម្លៃដល់ពិធីបុណ្យសាសនារបស់រុស្ស៊ី ដែលចំណុចនេះត្រូវបានលោក ពូទីន កោតសរសើរយ៉ាងខ្លាំង។ ការយោគយល់ និងការគោរពគ្នាទៅវិញទៅមកនេះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងមហាអំណាចអាស៊ីអាគ្នេយ៍ និងរុស្ស៊ី ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Vecteezy