ប្រធានគណៈកម្មការអឺរ៉ុប៖ អឺរ៉ុបកំពុងប្រឈមវិបត្តដ៏ជូរចត់ ខណៈការនាំចូលប្រេងពីបរទេសឡើងថ្លៃយ៉ាងគំហុក
អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប បានចេញមុខព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលកំពុងវាយប្រហារទ្វីបអឺរ៉ុបយ៉ាងខ្លាំងក្លា ចាប់តាំងពីសង្គ្រាមរវាងមហាអំណាច និងអ៊ីរ៉ង់បានផ្ទុះឡើងអស់រយៈពេល ៤៤ ថ្ងៃមកនេះ។ ចំណាយលើការនាំចូលប្រេងរបស់សហភាពអឺរ៉ុប បានហក់ឡើងខ្ពស់ហួសពីការស្មាន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចរបស់ប្លុកនេះទាំងមូល ។
លោកស្រី វុនឌ័រឡេយេន (von der Leyen) បានបង្ហាញទិន្នន័យដ៏គួរឱ្យតក់ស្លុតថា អឺរ៉ុបត្រូវចំណាយប្រាក់បន្ថែមរហូតដល់ជាង ២២ ពាន់លានអឺរ៉ូ ដើម្បីតែទិញប្រេង និងឧស្ម័នយកមកប្រើប្រាស់។ លោកស្រីសង្កត់ធ្ងន់ថា បញ្ហានេះបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ជាពិសេសគឺតម្លៃសាំងនៅតាមស្ថានីយ និងថ្លៃអគ្គិសនីដែលកើនឡើងមិនឈប់ឈរ ។
ទោះបីជាជម្លោះយោធានៅមជ្ឈិមបូព៌ា អាចនឹងបញ្ចប់ទៅវិញក្នុងពេលឆាប់ៗក៏ដោយ ក៏មេដឹកនាំអឺរ៉ុបរូបនេះបារម្ភថា ការរំខានដល់ច្រវាក់ផ្គត់ផ្គង់ថាមពលពីតំបន់ឈូងសមុទ្រនឹងនៅតែបន្តអូសបន្លាយ។ ការណ៍នេះមានន័យថា អឺរ៉ុបនឹងត្រូវប្រឈមមុខនឹងតម្លៃថាមពលខ្ពស់ក្នុងរយៈពេលវែង ដែលវានឹងក្លាយជាការពិតដ៏ជូរចត់ សម្រាប់សហគ្រាស និងក្រុមគ្រួសារនីមួយៗក្នុងទ្វីបនេះ ។
មូលហេតុចម្បងនៃវិបត្តិនេះ គឺមកពីការបិទខ្ទប់ ឬការរំខានដល់ការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ដែលជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនប្រេង ២០ % នៃពិភពលោក។ ប្រតិបត្តិការយោធារួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែលប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យផ្លូវទឹកដ៏សំខាន់នេះប្រែជាសមរភូមិរារាំងដល់ការនាំចេញប្រេងពីប្រទេសមហាអំណាចថាមពលជាច្រើន ។
លោកស្រី von der Leyen បានជំរុញឱ្យអឺរ៉ុបដកស្រង់មេរៀនពីវិបត្តិនេះ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើថាមពលប្រេងពីបរទេស។ លោកស្រីយល់ឃើញថា ដរាបណាអឺរ៉ុបនៅតែប្រើប្រាស់ប្រេង និងហ្គាសជាចម្បង នោះទ្វីបនេះនឹងនៅតែងាយរងគ្រោះដោយសារតែវិបត្តិនយោបាយអន្តរជាតិ ដែលធ្វើឱ្យថាមពលក្លាយជាទំនិញមានតម្លៃថ្លៃបំផុត និងពិបាកគ្រប់គ្រងបំផុតនាពេលអនាគត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Bloomberg