លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងលោក ឃួង ស្រេង រួមជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀត បានរៀបចំពិធីសាសនាទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា (សសយក) រួមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើនរូបទៀត និងមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមប្រារព្ធពិធីសាសនាទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំរាជធានីភ្នំពេញ ស្របពេលនៃថ្ងៃដំបូងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦។
បើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំមមី រៀបរៀងដោយលោក អ៊ឹម បុរិន្ទ បានឱ្យដឹងថា ទេវតាឆ្នាំម្សាញ់ ត្រូវបានប្ដូរវេនថ្មី ដោយទេវតាឆ្នាំមមី ដែលជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ព្រះនាម រាក្សសាទេវី (ទេវធីតាសង្ក្រាន្តប្រចាំថ្ងៃអង្គារ) ទ្រង់គង់នៅចាតុម្មហារាជិកាសួគ៌ទេវលោក ទ្រង់អម្ពរពណ៌ខ្មៅ លម្អព្រះកាណ៌ទ្រង់ «សៀតឈូក» អភរណៈទ្រង់ «កែវមនោរា» កេតនៈភ័ណ្ឌ (អាវុធ) ព្រះហស្ថស្តាំទ្រង់ «ធ្នូ» ព្រះហស្ថឆ្វេងទ្រង់ «ត្រីសូល៍» យានពាហនៈ និងអាការ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ។
ទេពធីតាឆ្នាំថ្មីនេះ ទ្រង់យាងចុះមកកាន់ជម្ពូទ្វីប នាំអស់ទេវបុត្រទេពធីតា ១សែនកោដ្ឋអង្គមកជាមួយ នៅថ្ងៃអង្គារ ទី១៤ ខែមេសា វេលាម៉ោង ១០:៤៨នាទីព្រឹក។ ចំពោះការរៀបចំគ្រឿងរណ្តាប់តាមទំនៀមពីបុរាណរៀងមក គេត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ គឺមានរយៈពេល៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ ហៅ វារៈមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ជាវារៈឡើងស័ក ចូលជាឆ្នាំមមីឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨។
សម្រាប់ អត្ថន័យនៃថ្ងៃទាំងបី ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម៖
- ថ្ងៃទី១ «ថ្ងៃមហាសង្ក្រាន្ត» ប្រែថា ដំណើរចាកចេញរបស់ព្រះអាទិត្យ ពីមេនរាសី មកគោចរណ៍ តាមទិសខ្សែកោង តែមួយក្នុងរយៈពេល ១២ខែ ហើយជាពេលវេលាដែលទេវតាទាំង៧ ដែលតំណាងឱ្យក្រុមផ្កាយនព្វគ្រោះ នៃភពទាំង៧ ក្នុងប្រព័ន្ធព្រះអាទិត្យ យាងមកដល់ផែនដី ក៏ដូចជាការតំណាងឱ្យថ្ងៃនៃសប្តាហ៍ផងដែរ។
- ថ្ងៃទី២ «វារៈវ័នបត» ជាដំណើរនៃការដង្ហែរព្រះកេស (ក្បាល) កបិលមហាព្រហ្ម ប្រទក្សិណស្របទិសទ្រនិចនាឡិកា ព័ទ្ធជុំវិញភ្នំព្រះសុម៉ែរ ចំនួន ៣ជុំចក្រក្រវាឡ ស្មើនិង ៦០នាទី ទើបយាងព្រះកេសបិតា ទៅប្រតិស្ថានរក្សាទុកក្នុងរូងភ្នំទឹកកក នាភ្នំកៃឡាស រួចបូជានូវគ្រឿងទិព្វផ្សេងៗ ចំណែកបុត្រីទាំង៧ របស់កុបិលមហាព្រហ្ម ក៏នាំអស់ទេវតាទាំងមួយសែនកោដិ ទៅស្រង់ទឹកមន្តក្នុងគុហា គន្ធមាលី ដែលហូរចេញពីបំពង់កែវនៃមាត់ព្រះគោឧសភារាជ ដើម្បីបន្តកិច្ចនៃពិធីស្រង់ព្រះពុទ្ធអង្គ នាថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
- ថ្ងៃទី៣ «វារៈឡើងស័ក» គឺជាការផ្លាស់ប្តូរសករាជថ្មីនៃថ្ងៃ.ខែ.ឆ្នាំ ដែលប្តូរទាំង ចុល្លសករាជ និង មហាសករាជ។ ថ្ងៃទីបីនេះ ជាថ្ងៃផ្សារភ្ជាប់ទៅនឹងពិធីស្រង់ព្រះ ដែលពុទ្ធបរិស័ទ ត្រូវយកទឹកដែលហូរចេញពីព្រះ គេយកទៅលុបលាងមុខដើម្បីបណ្ដេញនូវឧបទ្រពចង្រៃ៕