លោក ឃឹម ហ្វីណង់៖ ក្រសួងកសិកម្ម នឹងជំរុញសកម្មភាពកសិកម្ម ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ជនភៀសសឹកជាង ៣០០គ្រួសារ នៅជម្រកបណ្តោះអាសន្នថ្មី ក្នុងឃុំស្លក្រាម
បន្ទាយមានជ័យ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងឱ្យដឹងថា មកទល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹកជាង ៣០០០គ្រួសារ មកពីស្រុកថ្មពួក និងស្រុកអូរជ្រៅ បានចូលមកតាំងទីលំនៅស្ទើរតែ ១០០% ហើយ នៅក្នុងតំបន់ជម្រកបណ្តោះអាសន្នថ្មីក្នុងឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ។
លោក ឃឹម ហ្វីណង់ បានលើកឡើងថា ទោះបីជាអាជ្ញាធរកំពុងបន្តដោះស្រាយបញ្ហាប្រឈមសេសសល់មួយចំនួនក្តី ប្រជាពលរដ្ឋភាគច្រើន បានបង្ហាញចំណាប់អារម្មណ៍ថា ជម្រកបណ្តោះអាសន្នថ្មីនេះមានលក្ខណៈប្រសើរជាងការបោះជំរំនៅតាមទីវត្តអារាម ដោយសារមានផ្ទះស្នាក់នៅសមរម្យដាច់ដោយឡែកពីគ្នា មានបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងមានការរៀបចំគិតគូរដល់ការស់នៅក្នុងរដូវវស្សា ដែលនឹងចូលមកដល់ឆាប់ៗនេះ។
លោក ក៏បានការសង្កេត ឃើញមានជនភៀសសឹកមួយចំនួន ក៏បានចាប់ផ្តើមបង្កើតមុខរបរថ្មីៗបណ្តើរៗ រួចទៅហើយ។ លោក បញ្ជាក់ថា នាពេលខាងមុខនេះ ក្រសួងកសិកម្ម ក៏នឹងជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីមួយចំនួន នៅរសៀលថ្ងៃទី១៤ ខែមេសា នេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ជូនពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅទីនោះ ដោយមានការទទួលទាននំបញ្ចុកនិងកម្មវិធីសិល្បៈកម្សាន្តផ្សេងៗ។
កាន់តែពិសេស លោក ឌិត ទីណា ក៏បានណែនាំឱ្យក្រុមការងារបន្ថែមគោដុត ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយផងដែរ៕