ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ម៉ូតូអគ្គិសនី ៤២គ្រឿង ដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ សម្រាប់ចេញល្បាតនៅតាមមូលដ្ឋាន

image

បន្ទាយមានជ័យ៖ ម៉ូតូអគ្គិសនីចំនួន ៤២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ជូនដល់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ នៃខេត្តបន្ទាយមានជ័យ។


ពិធីប្រគល់និងទទួល បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានប្រសាសន៍ថា ម៉ូតូអគ្គិសនី ចំនួន ៤២គ្រឿងនេះ សម្រាប់ជាមធ្យោបាយធ្វើដំណើរបំពេញភារកិច្ចប្រចាំថ្ងៃ ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត គឺក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រហ្មទណ្ឌ។


ទន្ទឹមគ្នានោះ លោក បានណែនាំដល់កងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានគ្រប់គ្នា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ការពារក្បួនប្រតិភូថ្នាក់ដឹកនាំជាតិ អន្តរជាតិដែលឆ្លងកាត់ភូមិសាស្ត្រខេត្ត ឬចុះបំពេញបេសកម្មការងារផ្សេងៗ ត្រូវធានាឲ្យនូវសុវត្ថិភាពពេញលេញ។ ក្រៅពីនេះ លោក ក៏បានត្រៀមកម្លាំងនគរបាលសម្រាប់ចុះអន្តរាគមន៍ជួយពលរដ្ឋ ក្នុងករណីជួបគ្រោះធម្មជាតិ និងករណីអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕