ព័ត៌មានអន្តរជាតិ

នាវាជាច្រើនជាប់គាំងនៅច្រកសមុទ្រហ័រមូស អំឡុងការបិទខ្ទប់របស់អាម៉េរិក ខណៈលោកត្រាំ គំរាមគម្ទេចនាវាយោធាអ៊ីរ៉ង់ភ្លាមៗ បើហ៊ានតែចូលមកជិតតំបន់បិទខ្ទប់

image


អ៊ីរ៉ង់៖ តាមរយៈរូបភាពវីដេអូដែលថតបានពីច្រកសមុទ្រ ហ័រមូស (Hormuz) កាលពីថ្ងៃអង្គារ បានបង្ហាញថា នាវាដឹកប្រេងជាច្រើនកំពុងបោះយុថ្កាឈប់សម្រាក ក្នុងថ្ងៃទីពីរនៃការបិទខ្ទប់ផ្លូវទឹកយុទ្ធសាស្ត្រដោយអាម៉េរិកទៅលើកំពង់ផែរបស់ទីក្រុងតេហ៍រ៉ង់ នៃប្រទេសអ៊ីរ៉ង់ ។

បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក (CENTCOM) បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការជ្រើសរើស ពោលគឺអនុវត្តតែលើនាវាណាដែលចូល ឬចេញពីកំពង់ផែអ៊ីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែមិនប៉ះពាល់ដល់នាវាដែលធ្វើដំណើរឆ្លងកាត់ទៅកាន់គោលដៅប្រទេសផ្សេងទៀតឡើយ។ លោក ត្រាំ ព្រមានថា រាល់នាវាចម្បាំងអ៊ីរ៉ង់ណាដែលចូលមកជិតតំបន់បិទខ្ទប់នេះ នឹងត្រូវកម្ទេចចោលភ្លាមៗ ដោយលោកបានពិពណ៌នាថា ការឆ្លើយតបនោះ នឹងមានលក្ខណៈរហ័ស និងសាហាវបំផុត ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់នៅតែអះអាងថា ច្រកសមុទ្រនេះ ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ កងឆ្មាំបដិវត្តន៍ឥស្លាម និយាយថា រាល់នាវាចរណ៍ផ្លូវទឹកទាំងអស់ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ហើយនាវាដែលមិនមែនជានាវាយោធា នៅតែអាចឆ្លងកាត់បានជាធម្មតា ដោយគោរពតាមបទបញ្ជារបស់អ៊ីរ៉ង់ ។

ជាមួយគ្នានេះ ក្រសួងការបរទេសចិន បានរិះគន់ការបិទខ្ទប់របស់លោក ត្រាំ ថាជាទង្វើគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែជាប់គាំង បន្ទាប់ពីការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ មិនទទួលបានលទ្ធផល ប៉ុន្តែមន្ត្រីប៉ាគីស្ថានសង្ឃឹមថា អាចនឹងមានការចរចាជុំទីពីរ ។

ការរំខាននេះ បានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនថាមពលប្រមាណជា ២០% នៃថាមពលពិភពលោក ដែលបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចសកល។ បច្ចុប្បន្ន ការរំខាននេះ កំពុងជះឥទ្ធិពលដល់ទីផ្សារសកល និងបង្កក្ដីបារម្ភដល់ទីភ្នាក់ងារមនុស្សធម៌ ជុំវិញការឡើងថ្លៃអាហារ និងអតិផរណា ដោយសារតែការយឺតយ៉ាវនៃការដឹកជញ្ជូនជី កសិផល និងទំនិញផ្សេងៗ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Live Video on Reuters/ VIORY/ Reuters/ (Altaf Qadri/AP)