លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានចូលរួមពិធីទៅវត្ត និងវាលុកចេតិយ ឬហៅថា ពូនភ្នំខ្សាច់ នារមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមក្នុងពិធីទៅវត្ត និងវាលុកចេតិយ ឬហៅថា ពូនភ្នំខ្សាច់ ដែលជាពិធីដែលមានតាំងពីបុរាណកាលរបស់ខ្មែរ នាបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងឱកាសថ្ងៃទី២ នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត។
តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរតែងតែនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា និងទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ។ ក្នុងឱកាសចូលឆ្នាំថ្មី ក៏មានពិធីសាសនាជាច្រើននៅតាមវត្តអារាមនានា ក្នុងនោះ ពិធីពូនភ្នំខ្សាច់ ដែលគ្រួសន្មតហៅថា «វាលុកចេតិយ» គឺតំណាងឱ្យ ព្រះចូលាមនីចេតិយ ដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ក៏ជាប្រពៃណីទំនៀមទម្លាប់ដែលខ្មែរយើង តែងតែនិយមធ្វើជារៀងរាល់ពេលចូលឆ្នាំ ឬធ្វើក្នុងឱកាសពិធីផ្សេងៗ ដូចជាបុណ្យភ្ជុំបិណ្ឌជាដើម។
ក្រៅពីនេះ ពិធីវាលុកចេតិយ គេច្រើនតែធ្វើចំពោះពេលបុណ្យចម្រើនអាយុ ជូនចំពោះមាតាបិតា ដែលពលរដ្ឋមានជំនឿថា ដើម្បីរំដោះគ្រោះចង្រៃ រំដោះកម្មពៀរវេរា ដែលខ្លួនបានធ្វើកន្លងមក ក្នុងអតីតជាតិក្តី នៅក្នុងបច្ចុប្បន្នជាតិក្តី ឱ្យវិនាសសាបសូន្យបាត់ទៅ។
នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គ្រប់វត្តអារាមមិនដែលខកខានការរៀបចំទីធ្លាសម្រាប់ធ្វើវាលុកចេតិយនោះឡើយ ព្រោះយល់ថា វាលុកចេតិយនេះ មានអានុភាពអាចរំដោះទុក្ខទោសភ័យទាំងឡាយ ឱ្យវិនាសខ្ចាត់ខ្ចាយ អស់គ្មានសល់៕