មនុស្ស ១៥៤ នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ អំឡុង៤ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ២០២៦ ក្នុងប្រទេសថៃ
ថៃឡង់ដ៍៖ អំឡុង ៤ ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ២០២៦ ក្នុងប្រទេសថៃ គ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានការខាតបង់ជីវិតមនុស្សរហូតដល់ ១៥៤ នាក់ និង ៧០៥ នាក់ផ្សេងទៀតរងរបួស។ រាជធានីបាងកក គឺជាតំបន់ដែលមានអត្រាអ្នកស្លាប់ខ្ពស់ជាងគេបំផុត បើធៀបនឹងខេត្តដទៃទៀត ដែលនេះគឺជាសញ្ញាអាសន្នមួយសម្រាប់ការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាក ខណៈឆ្នាំ ២០២៥ ចំនួនអ្នកស្លាប់សរុបមានរហូតដល់ ២៥៣ នាក់ ។
មូលហេតុចម្បង គឺការបើកបរលើសល្បឿនកំណត់ និងការបើកបរពេលស្រវឹងហួសកម្រិត។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរថៃបានដាក់ចេញវិធានការរឹតបន្តឹងការលក់គ្រឿងស្រវឹង និងហាមឃាត់ដាច់ខាតចំពោះជនមិនទាន់គ្រប់អាយុ។ បន្ថែមពីនេះ ការស៊ើបអង្កេតនឹងធ្វើឡើងលើគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកលក់ និងអាណាព្យាបាលផងដែរ ប្រសិនបើមានករណីក្មេងក្រោមអាយុ ២០ ឆ្នាំស្រវឹងបង្កគ្រោះថ្នាក់ ។
ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មី ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តច្រើនបែបយ៉ាងណាក៏ដោយ ក៏វានៅតែត្រូវបានគេឱ្យហៅថា «៧ ថ្ងៃដ៏គ្រោះថ្នាក់» ដោយសារតែចំនួនគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់ជារៀងរាល់ឆ្នាំ។ ចាប់តាំងពីមុនថ្ងៃចាប់ផ្ដើមពិធីបុណ្យជាផ្លូវការ គេសង្កេតឃើញថាមានចរន្តធ្វើដំណើរយ៉ាងច្រើន ដែលជាកត្តារួមផ្សំធ្វើឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bangkok Post via Vn Express International | រូបភាព៖ Bangkok Post, The Thaiger, Todayonline on Microsoft Bing