រដ្ឋបាលខេត្តបាត់ដំបង បង្កើតរូបព្រាបសន្តិភាព នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដើម្បីឱ្យមន្រ្តីរាជការ និងពលរដ្ឋសរសេរសារជូនពរវីរកងទ័ព និងវីរនគរបាលជួរមុខ
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ដោយសុទិដ្ឋិនិយមថា ចំពោះប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង គឺពិតជាចង់បាននូវសន្តិភាព។ ដូច្នេះទើបលោក បង្កើតឱ្យមានព្រាបសន្តិភាព ដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដើម្បីផ្តល់ឱកាសដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ បានសរសេរសារជូនពរដល់វីរកងទ័ពជាតិ និងវីរនគរបាលជាតិជួរមុខ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ថ្លែងក្នុងពិធីសម្ពោធរូបព្រាបសន្តិភាព ដែលបានដាក់តាំងបង្ហាញនៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃទី១នៃព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដើម្បីឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋ បានសរសេរសារជូនពរ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន យ៉ាងអង់អាចក្លាហាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនានា មន្ត្រីរាជការអ្នកមុខ អ្នកការក្នុងខេត្ត ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនរូបទៀត ។
លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គោលដៅសំខាន់នៃការសាងសង់រូបព្រាបសន្តិភាពនេះ គឺដើម្បីឱ្យមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានសរសេរសារបិទនៅលើដងខ្លួន និងលើស្លាបព្រាបសន្តិភាព អំពីអ្វីដែលចង់បញ្ចេញ និងសូមឱ្យមនសិការជាតិនិយម និងស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋទាំងអស់រក្សាឱ្យបានស្ថិរស្ថេរគង់វង្សយូរអង្វែង ខណៈស្មារតីជាតិនិយមនឹងធ្វើឱ្យខ្មែរខ្លាំង និងសេដ្ឋកិច្ចរីកចម្រើន ហើយសារទាំងអស់នឹងនាំទៅដល់វីរកងទ័ព វីរនគរបាល ដែលឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហានថា យើងទាំងអស់គ្នាត្រូវការសន្តិភាព ហើយដើម្បីបានសន្តិភាពលុះត្រាតែវីរកងទ័ព និងវីរនគរបាលខិតខំការពារ ដូច្នេះសារនេះជាសារជូនពរ និងថ្លែងអំណរគុណដល់វីរកងទ័ព និងវីរនគរបាលថែមទៀតផង ។
លោក សុខ លូ បានបង្ហាញនូវឆន្ទៈរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំផ្សេងៗទៀត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺចង់បានសន្តិភាព មិនចង់បានសង្រ្គាមនោះទេ ។
លោក ឃួន ចាន់រស្មី តំណាងអនុគណៈកម្មការសាងសង់ព្រាបសន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា សន្តិភាពពិតជានាំមកនូវការអភិវឌ្ឍន៍ ភាពរីកចម្រើន សុខដុមរមនា និងការជួបជុំប្រកបដោយភាតរភាព និងសប្បាយរីករាយគ្រប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។ ប្រជាជនខ្មែរគ្រប់រូបចងចាំយ៉ាងច្បាស់នូវសោកនាដកម្ម ការបាត់បង់សាច់ញាតិ បងប្អូន ប្តី ប្រពន្ធ ផ្ទះសម្បែង និងការបំផ្លិចបំផ្លាញនានា ដោយសារសង្គ្រាម ហេតុនេះហើយយើងមិនចង់ឃើញ និងមិនចង់ឆ្លងកាត់សង្គ្រាមទៀតទេ អ្វីដែលកម្ពុជាចង់បាន គឺសុខសន្តិភាព ។
ជាមួយគ្នានេះដែរ ប្រជាជនខ្មែរគ្រប់រូបចងចាំជាប់ក្នុងក្រអៅបេះដូងជានិច្ចនូវវីរៈភាពដ៏អង់ អាចក្លាហានរបស់វិរៈកងទ័ពទាំងអស់ ដែលបាននិងកំពុងការពារបូរណភាពទឹកដីរបស់យើងប្តូរយកសន្តិភាពជូនប្រទេសជាតិ ដើម្បីអាចឱ្យប្រជាជនទាំងប្រុសស្រី មានលទ្ធភាពប្រកបរបររកទទួលទាន ចូលរួមកម្មវិធីនានា និងប្រារព្ធនូវព្រឹត្តិការណ៍ផ្សេងៗប្រកបដោយភាពសប្បាយរីករាយបានធម្មតា ។ នេះគឺជាគុណូបការៈដ៏ថ្លៃថ្នាក្រៃលែង ដែលប្រជាជនខ្មែរ ទាំងអស់មិនអាចបំភ្លេចបានឡើយ ។ ដើម្បីជាសក្ខីភាពនៃការចងចាំជាប់ជានិច្ចក្នុងក្រអៅបេះដូង មិនដែលបំភ្លេចសូម្បីមួយវិនាទីនូវគំរូវីរៈភាពរបស់វីរៈកងទ័ពទាំងអស់ ដែលបាននិងកំពុងការពារប្រទេសជាតិក្នុងបុព្វហេតុរក្សាឱ្យបាននូវសុខសន្តិភាព និងដើម្បីបង្ហាញអំពីសាមគ្គីភាឯកភាព ភាតរភាព និងការចង់បាននូវសុខសន្តិភាព រដ្ឋបាលខេត្តបាត់ដំបងសម្រេចធ្វើឱ្យចេញជារូបរាងនូវព្រាបសសន្តិភាព ដែលមានទម្រជារូបរាងដៃ ក្នុងកាយវិការបង្ហោះ ដែលជាតំណាងនូវការគាំទ្រ និងការចង់បានសុខសន្តិភាព រីឯស្លាប និងរោមនឹងត្រូវបានបំពេញដោយសារជូនពរនានាពីសំណាក់រដ្ឋបាលខេត្តបាត់ដំបង មន្ត្រីរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នៃខេត្តបាត់ដំបង អង្គការ សមាគម វិស័យឯកជន និងប្រជាជន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ តំណាងឱ្យការរឭកដឹងគុណ និងជូនពរលើកកម្លាំងចិត្តចំពោះវីរកងទ័ព និងវីរនគរបាលរបស់យើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរទាំងអស់គ្នា ប្រជាជាតិកម្ពុជា ត្រូវការសុខសន្តិភាព ៕
ដោយ៖ គួយ គឹមស៊ន