ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ រៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ រវាងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា និងក្រុមហ៊ុនជប៉ុន
ជប៉ុន៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន បានសហការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចកម្ពុជា-មីយ៉ាហ្គិឆ្នាំ២០២៦ (Cambodia-Miyagi Business Matching 2026) នៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន ក្រោមវត្តមានលោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក Testuya Ito អភិបាលរងខេត្តមីយ៉ាហ្គិ និងលោក Tai Susumu ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាកុងស៊ុលកិត្តិយស។ កម្មវិធីនេះ មានអ្នកចូលរួមសរុបប្រមាណ ៩០នាក់ ក្នុងនោះ មានទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ចំនួនជិត ២០ក្រុមហ៊ុន និងសមាគមគ្រប់គ្រងជប៉ុន និងក្រុមហ៊ុនជប៉ុនចំនួនប្រមាណ ៣០ក្រុមហ៊ុន។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសក្តានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលមានចំនួនយុវជនវ័យក្មេងច្រើន និងលក្ខណៈសម្បត្តិពោរពេញដោយភាពស្វាហាប់ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការយល់ដឹងអំពីបច្ចេកទេសទំនើបៗពីប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសជប៉ុនជាដើម។ សក្តានុពល និងលក្ខខណ្ឌនេះ គឺស័ក្តិសមបំផុតទៅនឹងតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន ជាពិសេសនៅក្នុងខេត្តមីយ៉ាហ្គិ។ ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសមាគមគ្រប់គ្រង និងនិយោជកក្នុងខេត្តមីយ៉ាហ្គិ អញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជា។
កម្មវិធីផ្គូរផ្គងធុរកិច្ចនេះ គឺត្រូវបានរៀបចំឡើងស្របតាមផែនការសកម្មភាពនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង និងរដ្ឋបាលខេត្ត ដែលបានចុះហត្ថលេខាកាលពីចុងឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញការជ្រើសរើស បញ្ជូន និងទទួលយកកម្មសិក្សាការី និងពលករជំនាញខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន៕