ក្រោយ១៦ឆ្នាំមិនទទួលបានយុត្តិធម៌ បក្សប្រឆាំងថៃ បារម្ភថា ជនរងគ្រោះក្រុមអាវក្រហម នឹងត្រូវបាត់បង់សិទ្ធិប្ដឹងផ្ដល់ចំពោះការបង្ក្រាបបាតុករយ៉ាងព្រៃផ្សៃ
ប្រទេសថៃ៖ រយៈពេល ១៦ ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីការបង្ក្រាបយ៉ាងចាស់ដៃទៅលើក្រុមបាតុករអាវក្រហមក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១០ ប៉ុន្តែជនរងគ្រោះ និងក្រុមគ្រួសារនៅតែមិនទាន់ទទួលបានយុត្តិធម៌ពិតប្រាកដនៅឡើយ។ តំណាងរាស្ត្រមកពីគណបក្សប្រជាជន ដែលជាបក្សប្រឆាំង បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងថា សំណុំរឿងសំខាន់ៗដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ និងអ្នកបញ្ជា អាចនឹងត្រូវរលាយសាបសូន្យតាមរយៈការផុតអាជ្ញាយុកាល (អស់សិទ្ធិប្ដឹង ឬរយៈពេលកំណត់ដែលច្បាប់អនុញ្ញាតឱ្យមានការប្តឹងផ្តល់) ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ។
គណបក្សប្រឆាំង បានអំពាវនាវឱ្យមានការកែទម្រង់ច្បាប់ជាបន្ទាន់ ដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព ឬការធ្វើខុសហើយមិនមានទោស ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងនយោបាយថៃ។ ពួកគេយល់ឃើញថា ដរាបណាអ្នកមានអំណាចនៅតែអាចគេចផុតពីសំណាញ់ច្បាប់ នោះទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធតុលាការនឹងបន្តធ្លាក់ចុះ ហើយអំពើហិង្សាបង្រ្កាបបាតុករដោយប្រើកម្លាំងបាយ នឹងនៅតែបន្តកើតមានជាថ្មីម្ដងទៀតមិនចេះចប់ ។
សំណើកែទម្រង់សំខាន់ៗដែលបក្សប្រឆាំងកំពុងជំរុញ រួមមានការកែប្រែច្បាប់តុលាការយោធា និងការអនុញ្ញាតឱ្យជនរងគ្រោះដោយសារតែអំពើហិង្សារបស់រដ្ឋ មានសិទ្ធិដាក់ពាក្យប្ដឹងដោយផ្ទាល់ទៅកាន់តុលាការព្រហ្មទណ្ឌ។ វិធានការនេះ មានគោលបំណងកាត់បន្ថយការពឹងផ្អែកលើស្ថាប័នឯករាជ្យមួយចំនួន ដែលជារឿយៗត្រូវគេមើលឃើញថាមានភាពយឺតយ៉ាវ ឬមានភាពលម្អៀងក្នុងការចាត់វិធានការលើមន្ត្រីរដ្ឋ ។
ទោះជាយ៉ាងណាក៏ដោយ បេសកកម្មស្វែងរកយុត្តិធម៌នេះប្រឈមនឹងឧបសគ្គធំៗ ដោយសារតែគណបក្សប្រជាជនមិនមានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា ដើម្បីអនុម័តច្បាប់ថ្មីទាំងនេះដោយឯកឯងនោះឡើយ។ ដូច្នេះ ពួកគេត្រូវការការគាំទ្រពីបណ្ដាគណបក្សផ្សេងៗទៀត ដើម្បីរួមគ្នាបញ្ចប់ភាពអយុត្តិធម៌ដែលអូសបន្លាយអស់រយៈពេលជិតពីរទសវត្សរ៍ និងដើម្បីធានាថាសោកនាដកម្មកាលពីអតីតកាល នឹងមិនត្រូវបានបំភ្លេចចោលឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer| រូបភាព៖ Thairath/ Prachatai on Flickr