ភ្ញៀវទេសចរ ចូលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមេសាម្សិលមិញ មានចំនួនជិត ១០ម៉ឺននាក់ ថយចុះជាងឆ្នាំមុន
ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ត្រូវនៅថ្ងៃទី ១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានចំនួន ៨៩.៦១១នាក់ ថយចុះ ៧,៥១% បើធៀបនឹងឆ្នាំមុន ក៏ប៉ុន្តែសម្រាប់ភ្ញៀវអន្តរជាតិ មានការកើនឡើង។
លោក បានលើកឡើងថា កត្តាដែលធ្វើឲ្យភ្ញៀវក្នុងស្រុកមានការថយចុះ អាចបណ្ដាលមកពីតម្លៃប្រេងឡើងថ្លៃ ក៏ដូចជាអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំង ដែលជាកត្តានាំឲ្យភ្ញៀវមានការថយជាងឆ្នាំមុន។
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ បង្ហាញថា ទេសចរផ្ទៃក្នុងសរុប ៨៩.៦១១នាក់ ថយចុះ៧,៥១% ក្នុងនោះ
• ភ្ញៀវជាតិ៨៦.២៣៧នាក់ ថយចុះ៦,៦០%
• ភ្ញៀវបរទេសសរុប៣.៣៤៧នាក់ ថយចុះ២៥,៥៣%
សម្រាប់ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ៨៧.៦០៧នាក់ ថយចុះ៨,៣៥% ក្នុងនោះ
• ភ្ញៀវជាតិ៨៥.១៧២នាក់ ថយចុះ៧,១២%
• ភ្ញៀវបរទេស២.៤៣៥នាក់ ថយចុះ៣៧,៥%
ដោយឡែកចំពោះភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិចំនួន០៥ជើង កើនឡើង០២ជើង ធៀបនឹងឆ្នាំមុន មានភ្ញៀវសរុប ៤៣២នាក់ កើនឡើង៧៤,៨៩% ក្នុងនោះ៖
. ភ្ញៀវជាតិ ០៣នាក់ ថយចុះ២៥%
. ភ្ញៀវអន្តរជាតិ៤២៩នាក់ កើនឡើង៧៦,៥៤%
ក្នុងនោះដែរសម្រាក ភ្ញៀវទេសចរ ទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១.៥៧២នាក់ កើនឡើង ៥០,២៨% រួមមាន៖
• ភ្ញៀវជាតិ ១.០៦២នាក់ កើនឡើង ៦២,៣៨%
• ភ្ញៀវបរទេស ៥១០នាក់ កើនឡើង ៣០,១០% ៕
អត្ថបទ៖ ប៉ៃ សុឃីម