ព័ត៌មានអន្តរជាតិ

អ.ស.ប បារម្ភអំពីការធ្លាក់ចុះឥទ្ធិពលច្បាប់អន្តរជាតិ ដែលកំពុងត្រូវប្រទេសមហាអំណាចមួយចំនួនជាន់ឈ្លី តែសង្ឃឹមថា អាម៉េរិក និងអ៊ីរ៉ង់ នឹងអាចចាប់ផ្ដើមចរចាឡើងវិញក្នុងពេលឆាប់ៗ

image


សហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក អាន់តូនីញ៉ូ ហ្គតធើរ៉េស (Antonio Guterres) បានបង្ហាញក្ដីសង្ឃឹមថា ការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងអាចចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗ បន្ទាប់ពីកិច្ចពិភាក្សាជុំដំបូងមិនទទួលបានលទ្ធផល។ លោកថ្លែងអំណរគុណដល់ប្រទេសប៉ាគីស្ថាន ដែលបានដើរតួជាអ្នកសម្របសម្រួលយ៉ាងសំខាន់ និងបានសង្កត់ធ្ងន់ថា បទឈប់បាញ់បច្ចុប្បន្នត្រូវតែបន្តរក្សាឱ្យបាន ដើម្បីការពារកុំឱ្យសង្គ្រាមរាលដាលកាន់តែខ្លាំងនៅក្នុងតំបន់ ។

ពាក់ព័ន្ធនឹងស្ថានភាពនៅប្រទេសលីបង់ លោក Guterres បានរិះគន់យ៉ាងធ្ងន់ៗទៅលើទាំងភាគីអ៊ីស្រាអ៊ែល និងក្រុមប្រដាប់អាវុធហេសបូឡាហ៍ ដែលបានប្រើប្រាស់ការវាយប្រហារគ្នាទៅវិញទៅមកធ្វើជាលេសដើម្បីបន្តអំពើហិង្សា។ លោកបន្ថែមថា សកម្មភាពអវិជ្ជមានរបស់ភាគីទាំងពីរ បានធ្វើឱ្យប្រទេសលីបង់ក្លាយជាជនរងគ្រោះដ៏ជូរចត់ និងធ្វើឱ្យរដ្ឋាភិបាលលីបង់បាត់បង់ស្ថិរភាព ខណៈពួកគេម្នាក់ៗតែងតែយកសកម្មភាពគូសត្រូវ មកធ្វើជាមូលហេតុដើម្បីបើកប្រតិបត្តិការយោធា ។

អគ្គលេខាធិការ អ.ស.ប ក៏បានសម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃឥទ្ធិពលច្បាប់អន្តរជាតិ ដែលកំពុងត្រូវប្រទេសមហាអំណាចមួយចំនួនជាន់ឈ្លីតាមអំពើចិត្ត។ លោកព្រមានថា ពិភពលោកកំពុងដើរចូលទៅក្នុងភាពគ្មានច្បាប់ទម្លាប់ ដែលវានឹងនាំមកនូវភាពវឹកវរ និងការបំផ្លិចបំផ្លាញដល់មនុស្សជាតិទាំងមូល ប្រសិនបើប្រទេសនានាមិនងាកមកប្រើប្រាស់ផ្លូវការទូតដើម្បីដោះស្រាយវិវាទជំនួសឱ្យការប្រើកម្លាំងបាយនោះទេ ។

ស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដាក់វិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ ក្រោយការចរចាជុំទីមួយបរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ លោក Guterres នៅតែជឿជាក់ថា ការចរចាជុំទីពីរនៅតែអាចកើតមានឡើងក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ មានឆន្ទៈនយោបាយពិតប្រាកដក្នុងការបញ្ចប់វិបត្តិថាមពល និងសន្តិសុខដែលកំពុងអង្រួនពិភពលោកនាពេលបច្ចុប្បន្ន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Murat Şengül/Anadolu)/ (Emilio Morenatti/AP)/ (Mohamad Azakir/Reuters)