ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាម៉េរិក ផ្ញើសារជូនពរជ័យ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦

image


សហរដ្ឋអាម៉េរិក៖ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយ ដើម្បីផ្ញើសារជូនពរជ័យ និងសេចក្ដីប្រាថ្នាល្អៗជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦។ លោកបានចាត់ទុកពិធីបុណ្យនេះថាជាពេលវេលាដ៏មានតម្លៃសម្រាប់លើកតម្កើងវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា និងជាឱកាសនៃការជួបជុំគ្នាប្រកបដោយក្ដីសប្បុរស និងសេចក្ដីសង្ឃឹម ។

នៅក្នុងសារលិខិតលើគេហទំព័រដដែលនេះ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនៅតែផ្ដល់តម្លៃខ្ពស់បំផុតដល់មិត្តភាពជាប្រវត្តិសាស្ត្រ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ លោកបានសម្ដែងនូវបំណងប្រាថ្នាចង់ឃើញភាពជាដៃគូទ្វេភាគីនេះកាន់តែរីកដុះដាល និងហុចផលផ្លែផ្កាជាវិជ្ជមាន ដែលនឹងនាំមកនូវផលប្រយោជន៍រួមសម្រាប់សេដ្ឋកិច្ច និងសន្តិសុខនៃប្រជាជាតិទាំងពីរ ។

តំណាងឱ្យរដ្ឋាភិបាលអាម៉េរិក លោក Marco Rubio បានចូលរួមអបអរសាទរជាមួយពលរដ្ឋខ្មែរនៅជុំវិញពិភពលោក ដោយសេចក្ដីរំពឹងទុកនូវការចាប់ផ្ដើមជាថ្មីប្រកបដោយភាពវិជ្ជមាន។ លោកបានបួងសួងសូមឱ្យឆ្នាំថ្មី ២០២៦ នេះ កម្ពុជាទទួលបាននូវសន្តិភាពពេញលេញ ភាពសម្បូរសប្បាយរុងរឿង និងសុខុមាលភាពល្អបរិបូរណ៍សម្រាប់ពលរដ្ឋគ្រប់រូប ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ U.S. Department of State website | រូបភាព៖ facts.net on Microsoft Bing/ Screenshot from U.S. Department of State website/ រដ្ឋបាលរាជធានីភ្នំពេញ