សមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនី ចូលរួមខ្ចប់នំចំណីផ្ញើជូនវីរកងទ័ពខ្មែរនៅសមរភូមិមុខ
ភ្នំពេញ៖ សមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីជាច្រើនរូបចូលរួមខ្ចប់នំចំណីស្នាដៃកូនខ្មែរ ផ្ញើជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខ មិនមែនជាអាហារធម្មតាទេ ប៉ុន្តែជាសញ្ញានៃក្តីស្រឡាញ់ ការគោរព និងការគាំទ្រយ៉ាងជ្រាលជ្រៅពីប្រជាជនខ្មែរ ទៅកាន់អ្នកដែលកំពុងឈរជើងការពារដែនដីជាតិ។
នំមួយកញ្ចប់ៗ សូម្បីតែតូចតាច ក៏ផ្ទុកទៅដោយបេះដូងពោរពេញដោយមនោសញ្ចេតនា ជាកម្លាំងចិត្ត និងបង្ហាញថា នៅខាងក្រោយសមរភូមិ មិនមែនមានតែភាពស្ងៀមស្ងាត់ទេ ប៉ុន្តែមានប្រជាជនទាំងមូល កំពុងគាំទ្រ និងរំពឹងទុកលើការការពារ និងសន្តិភាព។ ស្នាដៃតូចៗពីដៃកូនខ្មែរ គឺជាភស្តុតាងថា ស្មារតីសាមគ្គីភាព និងការចែករំលែក នៅតែរស់រវើកក្នុងសង្គម។ វាជាការបញ្ជាក់ថា ទោះបីនៅឆ្ងាយពីគ្នា ក៏បេះដូងខ្មែរទាំងអស់នៅជាប់ជាមួយវីរកងទ័ពជានិច្ច។
សូមបញ្ជាក់ថា នំចំណីទាំងនេះ នឹងក្លាយជាកម្លាំងបន្ថែម បំពេញទាំងពោះ និងបំពេញទាំងចិត្ត ជូនដល់វីរកងទ័ពដែលកំពុងឈរជើងដើម្បីសុខសាន្តរបស់ជាតិ។ ដោយក្តីគោរព និងអរគុណយ៉ាងជ្រាលជ្រៅ សូមផ្ញើទៅកាន់វីរបុរសទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្ត ដើម្បីការពារប្រទេសជាតិ និងប្រជាជន៕