មុខម្ហូបខ្មែរ និងបង្អែមរបស់អ្នកបាត់ដំបងជាច្រើនមុខ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៦
បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងនូវការកោតសរសើរដល់ប្រជាពលរដ្ឋ ដែលជាមេចុងភៅ ដែលបានយកមុខម្ហូបខ្មែរ និងបង្អែមរបស់អ្នកបាត់ដំបង មកបង្ហាញ និងជូនភ្លក្ស ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៦។ លោក ថា មុខម្ហូប និងបង្អែមខ្មែរទាំងនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងស្ថាប័ននានា ព្រមទាំងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនទៀត ទស្សនាការបង្ហាញពីរបៀបធ្វើម្ហូប និងបង្អែមខ្មែរ និងការតាំងបង្ហាញនូវស្តង់ផលិតផលតាមបណ្តារដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តបាត់ដំបង ដើម្បីជាការថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមធ្វើម្ហូបអាហារ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ប្រកបដោយការទាក់ទាញ និងមានរសជាតិឆ្ងាញ់ពិសា ។
សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំថ្មី ឆ្នាំ២០២៦នេះ រៀបចំដោយរដ្ឋបាលខេត្ត និងកិច្ចសហការល្អពីសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តបាត់ដំបង និងមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីបង្កើត និងបង្កើននូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យមកទស្សនា និងលេងកម្សាន្ត។
គណៈកម្មការព្រឹត្តិការណ៍សង្ក្រាន្តខេត្តបាត់ដំបង បានរៀបចំឱ្យមានកម្មវិធីសម្តែងសិល្បៈ និងល្បែងប្រជាប្រិយជាច្រើន សម្រាប់ប្រជាពលរដ្ឋទាំងក្នុងខេត្ត ក៏ដូចជាខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបង បានចូលរួមទស្សនា និងលេងកម្សាន្ត ហើយក្នុងនោះ ការរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញមុខម្ហូប និងបង្អែមខ្មែររបស់អ្នកខេត្តបាត់ដំបង គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសដល់មេចុងភៅចំណានៗ ដែលធ្លាប់មានបទពិសោធន៍ ក្នុងការចម្អិនមុខម្ហូបអាហារ និងបង្អែមខ្មែរ។
ដោយឡែកក្នុងកម្មវិធីនោះដែរ ក៏បានបង្ហាញផងដែរអំពីរបៀបនៃការធ្វើម្ហូប និងបង្អែមទាំងនោះ តាំងពីជំហានដំបូងរហូតដល់សម្រេចបានជាមុខម្ហូប និងបង្អែម សម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរជាតិ អន្តរជាតិ ដែលមានវត្តមានក្នុងសង្ក្រាន្តឆ្នាំថ្មីនេះបានភ្លក្ស និងពិសាយ៉ាងឆ្ងាញ់ផងដែរ ។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ ក៏បានសម្តែងនូវការអរគុណចំពោះមេចុងភៅទាំងអស់ ដែលបានចូលរួមជាមួយព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ហើយសង្ឃឹមថា ពេលក្រោយៗទៀត នឹងមានវត្តមានចូលរួមកាន់តែច្រើនថែមទៀត និងធ្វើបានកាន់តែល្អប្រសើរ ដើម្បីចូលរួមលើកកម្ពស់ដល់មុខម្ហូប និងបង្អែមខ្មែររបស់អ្នកបាត់ដំបងកាន់តែមានភាពល្បីថែមទៀត ពិសេសទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តខេត្តបាត់ដំបង មានការកើនឡើង ខណៈវិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ បានចាត់ទុកថា ជាមាសបៃតងរបស់ជាតិ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ស្របតាមចក្ខុវិស័យវែងឆ្ងាយ ដើម្បីឈានទៅកាន់ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ខាងមុខនេះ ៕
ដោយ៖ គួយ គឹមស៊ន