ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជិត ៩មុឺននាក់ ថ្ងៃចូលឆ្នាំទី២ មានការកើនឡើងធៀបឆ្នាំ២០២៥
ស្ទឹងត្រែង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបានទៅលេងកម្សាន្តនៅខេត្តស្ទឹងត្រែង ក្នុងថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានចំនួន ៨៥,៦៣០នាក់ កើនឡើងចំនួន ៣,០៩៩នាក់ ស្មើនឹង២៦ភាគរយ។
លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរបែបនេះ ដោយសារតែឆ្នាំថ្មីនេះ រដ្ឋបាលខេត្តក្រោមការដឹកនាំដោយ លោក សរ សុពុត្រា អភិបាលខេត្ត បានរៀបចំនូវផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើនជូនពលរដ្ឋបានទស្សនា និងលេងកម្សាន្ត។ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់ មានភ្ញៀវទេសចរជាតិចំនួន ៨៥,៦១០នាក់ កើនឡើង ៣,០៩៧នាក់ ស្មើនឹង ៤ភាគរយ ភ្ញៀវទេសចរបរទេសចំនួន ២០នាក់ កើនឡើង ៥នាក់ ស្មើនឹង ៣៣ភាគរយ។
សូមជម្រាបថា យោងតាមហ្វេសប៊ុករបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៦ ខែមេសា ជាថ្ងៃបញ្ចប់កម្មវិធីចូលឆ្នាំ នឹងមានក្រុមល្ខោនបាសាក់សម្តែងរឿង «ម៉ាក់ភូយុងកែវ» ជូនទស្សនាពេញមួយរាត្រី នៅទីលានតេជោ-ធិបតី មុខសាលាខេត្តស្ទឹងត្រែង ផងដែរ៕
ដោយ៖ ម៉ាក មេតា