ព័ត៌មានជាតិ

ភ្ញៀវទេសចរសម្រុកទៅលេងកម្សាន្តច្រេីននៅតំបន់រមណីយដ្ឋានទឹកឈូ ខេត្តកំពត ក្នុងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ

image


កំពត៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន មានដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែក ជាដើម ព្រោះទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែក ជាដើម។ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នៃបុណ្យចូលឆ្នាំ ភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងថ្ងៃទី១។


ភ្ញៀវទេចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍របស់ពួកគេថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញមួយ ទោះបីជាគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅ ក៏ភ្ញៀវទេសចរនៅតែបន្តមកលេងកម្សាន្តច្រើនដែរ។ ជាក់ស្តែងនៅរមណីយដ្ឋាន ដូងទេ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវបានទៅលេងកម្សាន្តយ៉ាងច្រើនកុះករ រកន្លែងអង្គុយស្ទើរមិនបាន។ ភ្ញៀវទេសចរបន្តថា ចំពោះខេត្តកំពតគឺមានការៀបចំតុបតែងបានស្អាត សន្តិសុខសណ្តាប់ធ្នាប់ក៏មានការរៀបចំការពារបានល្អប្រសើរ អនាម័យបរិស្ថានស្អាត រីឯតម្លៃសេវាកម្មក៏អាចទទួលយកបាន។


បុគ្គលិកនៅរមណីដ្ឋានដូងទេវិញ បានឱ្យដឹងដែរថា រមណីយដ្ឋានដូងទេ តែងតែងបានយកចិត្តទុកដាក់ តុបតែងលម្អទៅតាមរដូវកាលបុណ្យទាននីមួយៗ ពិសេសការពង្រឹងគុណភាពសេវា និងការរក្សាសុវត្ថិភាព ទាំងលើគោក និងលើផ្ទៃទឹក ដើម្បីធានាថា ភ្ញៀវមកលេងមានភាពកក់ក្តៅ និងរីករាយក្នុងការទទួលយកសេវា មកម្តងហើយចង់មកម្តងទៀត។ ថ្ងៃទី២នេះដែរ ភ្ញៀវសម្រុកទៅច្រើន ធ្វើឲ្យកន្លែងអង្គុយមិនគ្រប់គ្រាន់។


ដោយឡែកនៅឯរមណីយដ្ឋានខ្សែរ៉កឧទ្យាដងព្រែកឯនោះវិញ ភ្ញៀវទេសចរកាន់តែច្រើនទាំងក្នុងខេត្ត និងតាមបណ្តាខេត្ត បានមកគាំទ្រសេវាជិះខ្សែរ៉កឆ្លងព្រែក និងអង្គុយលម្ហែក្នុងខ្ចុះ ដែលមានការតុបតែងដ៏ល្អប្រណិតនៅលើមាត់ទឹកតាមដងព្រែកដ៏ខៀវស្រងាត់ រំលេចដោយទេសភាពដងភ្នំព័ទ្ធជុំវិញគួរជាទីរីករាយ ខណៈដែលសេវាម្ហូបអាហារក៏ល្អ។


សូមបញ្ជាក់ថា ទោះបីជាខេត្តកំពតមិនមានរៀបចំសង្ក្រាន្តឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាន និងវត្តអារាមនានា ពិសេសក្នុងក្រុងកំពត បានតុបតែងលម្អភ្លើងពណ៌ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អដើម្បីឱ្យភ្ញៀវមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានា និងល្បែងរបាំប្រពៃណីផ្សេងៗមានសុវត្តិភាព និងបង្ករភាពសម្បាយរីករាយ។ បើតាមមន្ត្រីជំនាញ រំពឹងថា ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរនឹងមានការកើនឡើងច្រើន៕


អត្ថបទ៖ វង្ស សុធារម្យ