ព័ត៌មានអន្តរជាតិ

មនុស្ស៩នាក់ស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារក្នុងសាលារៀន នៅប្រទេសតួកគីយេ ជាថ្ងៃទីពីរនៃការបាញ់ប្រហារស្រដៀងគ្នាដែលបណ្ដាលឱ្យមនុស្ស១៦នាក់រងរបួស

image


តួកគីយេ៖ ប្រទេសតួកគីយេ បានជួបប្រទះនូវហេតុការណ៍បាញ់បោះក្នុងសាលារៀនយ៉ាងរន្ធត់ជាលើកទី ២ ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ដែលលើកនេះបានកើតឡើងនៅក្នុងសាលាមធ្យមសិក្សាមួយកន្លែងក្នុងខេត្ត ខារ៉ាម៉ានម៉ារ៉ាស (Kahramanmaras)។ សិស្សដែលជាខ្មាន់កាំភ្លើង បានប្រើប្រាស់អាវុធខ្លីរហូតដល់ ៥ ដើម របស់ឪពុកខ្លួនដែលជាអតីតមន្ត្រីនគរបាល ដើម្បីបើកការវាយប្រហារក្នុងថ្នាក់រៀន បណ្ដាលឱ្យគ្រូបង្រៀនម្នាក់ និងសិស្ស ៣ នាក់បាត់បង់ជីវិតភ្លាមៗ ចំណែកឯអ្នករងរបួសមានចំនួន ២០ នាក់។ ក្រោយមក មានសេចក្ដីរាយការណ៍ថា ចំនួនអ្នកស្លាប់កើនដល់ ៩នាក់។


អាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ខ្មាន់កាំភ្លើងក៏បានស្លាប់បាត់បង់ជីវិតផងដែរក្នុងហេតុការណ៍កាលពីថ្ងៃពុធនោះ ប៉ុន្តែមូលហេតុពិតប្រាកដដែលនាំឱ្យសិស្សរូបនេះឈានដល់ការសម្លាប់រង្គាលបែបនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង និងកំពុងបន្តការស៊ើបអង្កេត។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ក្នុងចំណោមអ្នករងរបួស ២០ នាក់ មានសិស្ស ៤ នាក់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់អាចនឹងមានការកើនឡើងបន្ថែមទៀត ។


សោកនាដកម្មនេះ បានកើតឡើងចំពេលដែលសង្គមតួកគីយេ ទើបតែរងគ្រោះពីករណីស្រដៀងគ្នានេះ ដែលបានកើតឡើងកាលពីមួយថ្ងៃមុន ក្នុងខេត្តសាលៀវហ្វា (Sanliurfa) ដែលបណ្ដាលឱ្យមនុស្ស ១៦ នាក់រងរបួស។ ការកើតឡើងនូវអំពើហិង្សាដោយប្រើប្រាស់អាវុធក្នុងសាលារៀនជាប់ៗគ្នាបែបនេះ បានបង្កជាសំណួរយ៉ាងខ្លាំងអំពីការគ្រប់គ្រងអាវុធក្នុងក្រុមគ្រួសារមន្ត្រី និងវិធានការការពារសុវត្ថិភាពដល់កុមារ និងគ្រូបង្រៀននៅក្នុងបរិវេណសាលារៀនទូទាំងប្រទេស ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ AP