ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀងវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់តំបន់ ស៊ូរ៉ាកាតា ខេត្តជ្វាកណ្ដាល ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ

image


ឥណ្ឌូណេស៊ី៖ ជំនន់ទឹកភ្លៀងយ៉ាងគំហុកបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់តំបន់ ស៊ូរ៉ាកាតា (Surakarta) ខេត្តជ្វាកណ្ដាល ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងមិនឈប់ឈរ ចាប់ពីល្ងាចថ្ងៃអង្គាររហូតដល់ព្រឹកថ្ងៃពុធ។ ទឹកជំនន់ដែលបណ្ដាលមកពីការហៀរហូរនៅតាមបណ្ដោយដៃទន្លេ និងការបាក់ច្រាំងទន្លេ បេងហ្គាវ៉ាន់សូឡូ (Bengawan Solo) បានលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើន ដោយកម្ពស់ទឹកនៅតាមទីតាំងខ្លះឡើងដល់ត្រឹមទ្រូងមនុស្សចាស់ក៏មាន ព្រមទាំងធ្វើឱ្យទ្រព្យសម្បត្តិជាច្រើនត្រូវខូចខាតទាំងស្រុង ។


កង្វះខាតហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ ដូចជាទំនប់ទឹកនៅតាមបណ្ដោយស្ទឹងសំខាន់ៗ ត្រូវគេមើលឃើញថាជាមូលហេតុដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ខណៈទឹកបានហូរចូលតំបន់លំនៅឋានលឿនហួសពីការស្មាន។ អាជ្ញាធរ និងក្រុមសង្គ្រោះបន្ទាន់ បានខិតខំយ៉ាងសស្រាក់សស្រាំដើម្បីជម្លៀសជនរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដូចជា ស្បៀងអាហារ និងទឹកស្អាត ដើម្បីដោះស្រាយជាបណ្ដោះអាសន្ន ។


តាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី គ្រោះធម្មជាតិនេះ គឺជាលទ្ធផលនៃបាតុភូតអាកាសធាតុក្នុងដំណាក់កាលផ្លាស់ប្ដូររដូវ ដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតា។ អាជ្ញាធរ បានអំពាវនាវឱ្យប្រជាជនបន្តការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដែលអាចបង្កហានិភ័យនៃគ្រោះទឹកជំនន់ជាថ្មី និងការបាក់ដីបន្ថែមទៀត ក្នុងតំបន់ដែលងាយរងគ្រោះ ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ Screenshot from VIORY's video.