ព័ត៌មានជាតិ

មេដឹកនាំយោធាកំពូលរបស់រុស្ស៊ី និងម៉ុងហ្គោល ប្តេជ្ញាពង្រឹងចំណងមិត្តភាពយោធាឱ្យកាន់តែរឹងមាំ

image


រុស្ស៊ី-ម៉ុងហ្គោលី៖ មេដឹកនាំយោធាកំពូលរបស់រុស្ស៊ី និងម៉ុងហ្គោល បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅ ស្របពេលដែលកងទ័ពម៉ុងហ្គោលប្រារព្ធខួបលើកទី ១០៥ នៃការបង្កើតអង្គភាពរបស់ខ្លួន កាលពីថ្ងៃពុធ។ រុស្ស៊ី បានបង្ហាញជំហរច្បាស់ៗថាម៉ុងហ្គោលី គឺជាដៃគូយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន និងជាអ្នកជិតខាងដ៏ល្អក្នុងតំបន់ ។


អគ្គសេនាធិការចម្រុះនៃកងទ័ពរុស្ស៊ី លោក វ៉ាឡែន ហ្គេរ៉ាស៊ីម៉ូវ (Valeri Gerasimov) លើកឡើងថា កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើសមយុទ្ធរួមគ្នា ការផ្លាស់ប្តូរប្រតិភូយោធា និងការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈសាលាយោធា។ សកម្មភាពទាំងនេះ គឺជាការបន្តអនុវត្តតាមកិច្ចព្រមព្រៀងដែលមេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាកាលពីចុងឆ្នាំ ២០២៤ កន្លងទៅ ដើម្បីឈានទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។


ក្នុងពេលដំណាលគ្នា អគ្គសេនាធិការកងទ័ពម៉ុងហ្គោល លោក ស៊ុនរ៉េវ ហ្គាន់ប្យាមបា (Sunrev Ganbyamba) បានលើកឡើងថា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងបច្ចុប្បន្ន ដោយចាត់ទុកថាស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ជំនួបលើកនេះ រំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីមួយទៀត ក្នុងការជំរុញទំនាក់ទំនងវិស័យការពារជាតិ និងបច្ចេកទេសយោធាឱ្យកាន់តែរីកចម្រើន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.