ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា កម្ពុជា មិនមានហេតុផលស្នើឱ្យថៃបើកច្រកព្រំដែនឡើងវិញនោះទេ ព្រោះថៃជាអ្នកបិទ

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជា មិនមានហេតុផលណាមួយក្នុងការស្នើទៅភាគីថៃឲ្យបើកច្រកព្រំដែនឡើងវិញនោះទេ ព្រោះការបិទច្រកព្រំដែន គឺជាការសម្រេចដោយភាគីថៃដោយឯកតោភាគី។


ការបញ្ជាក់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានថៃ ដែលបានអះអាងថា កម្ពុជា បានស្នើទៅភាគីថៃឲ្យបើកច្រកព្រំដែនឡើងវិញ។ ម៉្យាងទៀត សាររបស់សម្តេចតេជោ ក៏ចង់បញ្ជាក់កុំឲ្យមានការភាន់ច្រឡំពីសាធារណជន ពិសេសក្រុមប្រឆាំងនៅក្រៅប្រទេសយកបញ្ហានេះមករិះគន់រាជរដ្ឋាភិបាលកម្ពុជា។


ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងតាមរយៈសារសំឡេងលើបណ្តាញសង្គម កាលពីយប់មិញ ដើម្បីឆ្លើយតបនឹងលោក សេង សារី ពាក់ព័ន្ធនឹងការចោទប្រកាន់ខុសពីការពិត អំពីការលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។


ក្នុងសារនោះ សម្តេចតេជោ បានរំលឹកថា សម្តេចធ្លាប់បានបញ្ជាក់រួចមកហើយថា ទោះបីជាច្រកព្រំដែនត្រូវបិទរយៈពេល ១០០ឆ្នាំ ឬ ៥០០ឆ្នាំក៏ដោយ ក៏អាស្រ័យលើភាគីថៃដែរ ព្រោះថា ថៃជាអ្នកបិទដោយឯកតោភាគី។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏លើកឡើងដែរថា កាលពីល្ងាចមិញ សម្តេចក៏ឃើញនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា មិនទាន់មានការជជែកគ្នានៅឡើយពីរឿងបើកច្រកព្រំដែននៅឡើយ ហើយក៏គ្មានសំណើរពីកម្ពុជាដែរ។


សម្តេចតេជោ ក៏បានផ្ញើសារនេះទៅកាន់ប្រជាពលរដ្ឋខ្មែរ មិនគួររង់ចាំ ឬសង្ឃឹមថា នឹងមានការបើកច្រកព្រំដែនកម្ពុជា-ថៃឡើងវិញក្នុងពេលឆាប់ៗនេះទេ។ ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានឲ្យបញ្ឈប់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃជាបន្ទាន់ ដើម្បីចៀសវាងការបង្ក្រាបពីសមត្ថកិច្ចទាំងពីរភាគី។


សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ទំនិញសម្រាប់ប្រើប្រាស់ក្នុងស្រុក ហើយមិនចាំបាច់ពឹងផ្អែកលើទំនិញដែលមានការរឹតត្បិតពីក្រៅឡើយ។ ដូច្នេះ ត្រូវមានកិច្ចសហការដោយខាងកម្ពុជា ក៏ត្រូវទប់ស្កាត់ខាងកម្ពុជា រីឯខាងថៃក៏ទប់ស្កាត់ខាងថៃដែរ។


បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ព្រមទាំងអាចជ្រើសរើសប្រើប្រាស់ទំនិញពីប្រ ទេសផ្សេងៗ ជំនួសទំនិញពីប្រទេសថៃផងដែរ។


ត្រង់ចំណុចនេះ សម្តេចតេជោ បានបញ្ជាក់ថា មិនមែនផ្ទុយនឹងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកទេ ប៉ុន្តែវាជាជម្រើសរបស់ប្រជាជនកម្ពុជា ព្រោះមានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិសម្រេចថា ប្រើប្រាស់ទំនិញរបស់អ្នកណា។


សូមរំលឹកថា បើតាមឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានថ្លែងក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» កាលពីដើមខែមេសានេះថា ចាប់តាំងពីមានចលនាពហិការទំនិញថៃមក បានជំរុញឲ្យការប្រើប្រាស់ផលិតផលខ្មែរកើនឡើងយ៉ាងគំហុកលើសការរំពឹងទុក រហូតឈានដល់ ៣០%នៃចំណែកទីផ្សារ ខណៈពីមុនមានត្រឹម ២%ប៉ុណ្ណោះ៕