ព័ត៌មានជាតិ

​ភ្ញៀវទេសចរ និងប្រជាពលេរដ្ឋជាង ១៦ម៉ឺននាក់ បានទៅលេងកម្សាន្តសង្ក្រានខេត្តត្បូងឃ្មុំ

image



ត្បូងឃ្មុំ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ១៦០.២៤១នាក់ ទៅលេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា និងទីតាំងសង្ក្រាន្តទូទាំងខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ។​

លោក អឿន រឹទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ខេត្តត្បូងឃ្មុំមានភ្ញៀវមកកម្សាន្តសរុប ១៦០.២៤១នាក់ ធៀបនឹងឆ្នាំកន្លងទៅ ឆ្នាំនេះមានភ្ញៀវកើនឡើង ១,១១% ដោយមានប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ១៦០.១៨០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៦១នាក់។

លោក អឿន រឹទ្ធ បានបន្តថា រដ្ឋបាលខេត្តបានរៀបចំកម្មវិធីយ៉ាងសម្បូរបែប រួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ការតាំងពិព័រណ៍ផលិតផលភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីសម័យអមដោយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតបំផុត។ នេះជាការយកចិត្តទុកដាក់ខ្ពស់លើសេវាកម្ម និងបរិស្ថាន មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចុះពង្រឹងគុណភាពសេវាកម្ម និងតាមដានតម្លៃម្ហូបអាហារ និងការស្នាក់នៅ ដើម្បីធានាបានថាអាជីវករមិនតម្លើងថ្លៃហួសហេតុ។ ទន្ទឹមនឹងនោះ យុទ្ធនាការ "ទេសចរណ៍ដើម្បីទាំងអស់គ្នា" ក៏ត្រូវបានជំរុញយ៉ាងសកម្ម តាមរយៈការដាក់ធុងសំរាមបន្ថែម និងការណែនាំឱ្យភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យ បរិស្ថានយ៉ាងខ្ជាប់ខ្ជួន ផងដែរ។

បើតាម លោក អឿន រឹទ្ធ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តត្បូងឃ្មុំ មានសភាពល្អប្រសើរ បងប្អូនប្រជាពលរដ្ឋកំពុងចូលរួមលេងកម្សាន្តដោយស្នាមញញឹម និងក្តីសប្បាយរីករាយ៕


ដោយ៖ សុខ ផន