ភ្ញៀវទេសចរ និងពលរដ្ឋជិត ១លាន ៦សែននាក់ បានទៅលេងសង្ក្រានរាជធានីភ្នំពេញ នាថ្ងៃទី២
ភ្នំពេញ៖ នាថ្ងៃទី២ ជាថ្ងៃវារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលរួមអបអរសាទរព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » នៅទូទាំងរាជធានីភ្នំពេញ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយមានប្រជាពលរដ្ឋ មកពីគ្រប់ទិសទីបានដើរលេងកម្សាន្តនៅរាជធានីភ្នំពេញពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពជិត១លាន៦សែននាក់ ប្រកបដោយសុខសុវត្ថិភាព។
លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៥៦ ថា នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ១,៥៨៣,៣០៧នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ១៧,៩៤០នាក់។ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយ
រីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពុំមានហេតុការណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។
សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ មានកម្មវិធីបង្ហាញពីទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំចំនួនបីកន្លែង និងមាននៅតំបន់ផ្សេងៗទៀតជាច្រើន ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះមានភាពសប្បាយរីករាយ ថែមទៀត៕