ក្រុមសិល្បៈល្ខោនបាសាក់រាជធានីភ្នំពេញ តុបតែងសម្លៀកបំពាក់នៃទម្រង់ល្ខោនបាសាក់ ជាតួឯក និងតួយក្ស ចូលរួមបង្ហាញខ្លួនក្នុងព្រឹិត្តិការណ៍សង្ក្រាន្តបាត់ដំបង ដើម្បីលើកកម្ពស់វិស័យសិល្បៈល្ខោនបាសាក់
បាត់ដំបង៖ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យសិល្បៈផ្នែកល្ខោនបាសាក់របស់ខ្មែរបានគង់វង្សមិនឱ្យបាត់បង់ និងកាន់តែមានការគាំទ្រពីប្រជាជននោះ ក្រុមសិល្បៈរាជធានីភ្នំពេញ បានតុបតំតែងសម្លៀកបំពាក់ទម្រង់នៃល្ខោនបាសាក់ខ្មែរ ជាតួឯក និងតួយក្ស ចូលមកបង្ហាញខ្លួន ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានថតរូបទុកជាអនុស្សាវរីយ៍ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង មានរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
លោក អុល សំអាន ជាតួឯកល្ខោនបាសាក់ ក្នុងវង់ល្ខោនបាសាក់មហាជន អុល សំអាន វង់ទី១ រាជធានីភ្នំពេញ បានបញ្ជាក់ថា គោលបំណងសំខាន់គឺចង់ឱ្យប្រជាជននៅខេត្តបាត់ដំបង បានស្គាល់អំពីសម្លៀកបំពាក់ជាទម្រង់ល្ខោនបាសាក់របស់ខ្មែរយើងដែលមានតាំងពីបុរាណមកម្ល៉េះ ខណៈក្រុមសិល្បៈល្ខោនបាសាក់រាជធានីភ្នំពេញ នៅតែមានវត្តមានក្នុងការសំដែងយ៉ាងមមាញឹកទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងទៀត។
ដោយឡែកសម្រាប់តួយក្ស ដែលបានចូលរួមមកបង្ហាញជាសាធារណៈ ក្នុងសង្ក្រាន្តបាត់ដំបងនាេះដែរ ក៏បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈដែលរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បានរៀបចំនូវព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង ដើម្បីចូលរួមលើកកម្ពស់ដល់ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើងឱ្យបានគង់វង្សយូរអង្វែងតរៀងទៅ។
យ៉ាងណាក៏លោក អុល សំណាន បានបញ្ជាក់អំពីគោលបំណងនៃការចុះមកបង្ហាញសម្លៀកបំពាក់ទម្រង់ល្ខោនបាសាក់នាពេលនេះ គឺចង់ធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យមានការទ្រទ្រង់អរិយធម៌ទំនៀមទម្លាប់របស់ជាតិយើងឱ្យបានរុងរឿង ដើម្បីក្រុមសិល្បៈល្ខោនបាសាក់រាជធានីភ្នំពេញ ខិតខំឱ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើនូវទស្សនីយភាពផ្នែកល្ខោនបាសាក់ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងតទៅពេលខាងមុខថែមទៀត៕
ដោយ ៖ គួយ គឹមស៊ន