ខេត្តកំពតមានអ្នកទេសចរទៅលេងកម្សាន្តជាង ៤៣ម៉ឺននាក់ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
កំពត៖ ខេត្តកំពតនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតក្នុងឱកាសនៃពិធៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានវត្តមានភ្ញៀវទេសចរមកលេង និងស្នាក់នៅចំនួន ៤៣២.៨១៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤៣០.៤២៦នាក់ និងទេសចរបរទេសចំនួន២.៣៩០នាក់។
ភ្ពៀវជាតិ អន្តរជាតិ ដែលដើរលម្ហែកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍នានាមានចំនួន ១៤៦.៧៨៦នាក់ ចំណែកភ្ញៀវ និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តមាន ២៨៦.០៣០នាក់។
លោកប្រធានមន្ទីរបានបន្តថា សម្រាប់ស្ថានភាពទូទៅនៅតាមកន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍ រួមនឹងសេវាស្នាក់នៅ មានភាពល្អប្រសើរ មិនមានបញ្ហា ឬបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ រីឯតម្លៃសេវាកម្មក៏ពុំមានការតម្លើងថ្លៃហួសហេតុដែលមិនអាចទទួលយកបានពីភ្ញៀវទេសចរនោះឡើយ។ ចំណែកឯការធ្វើដំណើរក៏មិនមានការកកស្ទះចរាចរណ៍យូរឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានរៀបចំកម្លាំងដើម្បីសម្រួល និងបញ្ជៀសការកកស្ទះបានយ៉ាងល្អប្រសើរ៕
អត្ថបទ៖ វង្ស សុធារម្យ