សង្គម

សម្តេចបវរធិបតី ថ្លែងអំណរគុណដល់វីរកងទ័ព ទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន

image


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសេីររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយេីង ក្នុងការលេងល្បែង ប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយនឹងការធ្វេីបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី តាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត”។ ក្នុងឱកាសនេះ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណផងដែរ ដល់វីរកងទ័ព ទាំងអស់ ដែលនៅកំពុងបន្តឈរជេីងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង ដេីម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ ផងដែរ ។ នេះជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦នេះ ។

សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រេីឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងបងប្អូនអ្នកអនាម័យ បរិស្ថាន អ្នកបេីកបរ និងក្រុមការងារពាក់ព័ន្ធ ដែលបានធ្វេីការលះបង់ ស្ម័គ្រចិត្តចូលរួមបម្រេីការ សហការ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេស ក្នុងការលេីកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រេីដល់ស្នាមញញឹមមហាគ្រួសារ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ ជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងឱកាសនេះ សម្តេចបវរធិបតីក៏បានបញ្ជាក់ថា "សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វេីដំណេីរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ មុខរបរទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី ក៏នៅកំពុងបម្រេីសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ ដេីម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងសុខសុវត្ថិភាព"៕

អត្ថបទ៖ ហ៊ន សុភ័ក្រ