សង្គម

ពលរដ្ឋមិនតិចជាងពីរម៉ឺននាក់ បានធ្វើដំណើរតាមរថយន្តក្រុង ដោយមិនបង់ប្រាក់ បាត់ដំបង-ភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំ

image


បាត់ដំបង ៖ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេល៦ថ្ងៃពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ប្រជាពលរដ្ឋមិនតិចជាងពីរម៉ឺននាក់នោះទេ ដែលបានជិះរថយន្តក្រុង ដោយមិនអស់ប្រាក់សម្រាប់ការធ្វើដំណើរទៅមក ភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅចំណតរថយន្តផ្សារ ភួ ពុយ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងពេលជូនដំណើរប្រជាពលរដ្ឋជិះរថយន្តក្រុង ដែលរាជរដ្ឋាភិបាលបានផ្ដល់ឱ្យដោយមិនបង់ប្រាក់ វិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបមុខរបរការងាររបស់ខ្លួនឡើងវិញ បន្ទាប់ពីធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ។

លោក សុខ លូ បានគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលតាំងពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ពីភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ បានបង្ហាញនូវភាពសប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យធ្វើដំណើរទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានធ្វើការកាត់បន្ថយនូវការចំណាយយ៉ាងច្រើនសម្រាប់ពួកគាត់នាពេលនេះ ។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់រថយន្តក្រុងចំនួន៧៥គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋទៅមកភ្នំពេញ-បាត់ដំបង និងពីបាត់ដំបង-ភ្នំពេញ ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយធ្វើដំណើរមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ កម្មការិនី និយោជិត សិស្ស និស្សិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ៕

ដោយ ៖ គួយ គឹមស៊ន