ភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេលបីថ្ងៃ មានជិត៤១ម៉ឺននាក់ ថយចុះ៤,៦៧%
ព្រះសីហនុ៖ យោងតាមអាជ្ញាធរក្រុងស្រុកនៃខេត្តព្រះសីហនុបានលើកឡើងថាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី ២០២៦នេះ ស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ទោះមានបញ្ហាប្រឈមតិចតួច តែអាជ្ញាធរកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងនិងរក្សាសន្តិសុខបានល្អប្រសើរបង្ករភាពសប្បាយរីករាយជូនទៅដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងក្រុងព្រះសីហនុ រយៈពេលបីថ្ងៃ។ នេះបើតាមការបញ្ជាក់ពីលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ព្រឹកថ្ងៃ១៧ខែមេសាឆ្នាំ ២០២៦។
ដោយឡែកសម្រាប់ភ្ញៀវទេសចរមកលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មីចាប់ពី ថ្ងៃទី ១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ បើតាមការបញ្ជាក់ឲ្យដឹងពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហន មានភ្ញៀវទេសចរសរុប ៤០៩.៣៥៨នាក់ ថយចុះ៤,៦៧% ក្នុងនោះ៖ ភ្ញៀវជាតិ៣៩៩.៧០៦នាក់ ថយចុះ៤,០៦% និងភ្ញៀវបរទេសសរុប៩.៦៥២នាក់ ថយចុះ២៤,៥២%។
ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាពីឧត្ដមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងឈរជើងប្រចាំការតាមគោលដៅ ដេីម្បីសម្របសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តលេងខេត្តព្រះសីហនុក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃនេះ គឺមានភាពរលូន។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរណ៍មាន១ករណីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួស ចំនួនបីនាក់ បើធៀបឆ្នាំមុនប្រហាក់ប្រហែលគ្នា៕