ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រកាសជំហររឹងមាំក្នុងការមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ទោះលោកត្រាំ ព្រមានលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក៏ដោយ

image


អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្ដាម័រ (Keir Starmer) កាលពីពេលថ្មីៗនេះ បានប្រកាសជំហរយ៉ាងរឹងមាំក្នុងការមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ទោះបីជាមានការដាក់សម្ពាធយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ លោក ស្តាម័រ (Starmer) ជឿជាក់ថា ការចូលរួមក្នុងជម្លោះប្រដាប់អាវុធនេះ នឹងមិនផ្តល់ផលប្រយោជន៍អ្វីដល់ជាតិឡើយ ហើយលោកប្តេជ្ញារក្សាឯករាជ្យភាពនៃការសម្រេចចិត្តរបស់អង់គ្លេស ។

ភាពតានតឹងនេះ បានឈានដល់ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច បន្ទាប់ពីលោក ត្រាំ បានព្រមានថានឹងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយអង់គ្លេស។ លោក ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះអង់គ្លេស ដែលមិនបានឈរនៅខាងអាម៉េរិកក្នុងប្រតិបត្តិការយោធានៅតំបន់មជ្ឈិមបូព៌ា និងបានរិះគន់ថាទំនាក់ទំនង «ពិសេស» រវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះដុនដាបជាហូរហែ ។

ទោះបីជាមានការប៉ះទង្គិចពាក្យសម្តីគ្នារវាងមេដឹកនាំទាំងពីរក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសនៅតែព្យាយាមរក្សាតុល្យភាព ដោយបន្តជំរុញឱ្យមានទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅ ឆាឡែស (Charles) ទៅកាន់សហរដ្ឋអាម៉េរិកដដែល។ លោកយល់ឃើញថា ចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរ គឺមានតម្លៃខ្ពស់ជាងជម្លោះនយោបាយបណ្តោះអាសន្នរវាងបុគ្គល និងបុគ្គល ។

សាររបស់លោក ស្តាម័រ (Starmer) ទៅកាន់សភា គឺជាការបញ្ជាក់ទៅកាន់ពិភពលោកថា អង់គ្លេសនឹងមិនដើរតាមគោលនយោបាយការបរទេសរបស់អាម៉េរិកទាំងងងឹតងងុលនោះទេ។ ការបដិសេធមិនចុះញ៉មនឹងសម្ពាធនេះ បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អង់គ្លេស ក្នុងការស្វែងរកសន្តិភាពតាមផ្លូវការទូត ជាជាងការប្រើប្រាស់កម្លាំងយោធាត្រួតលើគ្នា ។

ជម្លោះជុំវិញការបិទខ្ទប់នៅច្រកសមុទ្រ ហ័រមូស (Hormuz) បានក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់ទំនាក់ទំនងអាម៉េរិក-អង់គ្លេស។ ខណៈដែលអាម៉េរិកចង់បានសម្ព័ន្ធមិត្តយោធាដ៏រឹងមាំ អង់គ្លេសបែរជាជ្រើសរើសផ្លូវការពារផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខជាតិរបស់ខ្លួនជាចម្បង ដែលចំណុចនេះអាចនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជួបភាពរកាំរកូសក្នុងរយៈពេលវែង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ independent & nytimes on Microsoft Bing