ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំងដាច់ខាត ចំពោះគម្រោងរបស់អាម៉េរិក ក្នុងការដាក់ទណ្ឌកម្មលើបណ្តាប្រទេស ឬស្ថាប័នហិរញ្ញវត្ថុដែលបន្តទិញប្រេងពីអ៊ីរ៉ង់

image


ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែងថា ទីក្រុងប៉េកាំងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះគម្រោងរបស់សហរដ្ឋអាម៉េរិក ក្នុងការដាក់ទណ្ឌកម្មលើបណ្តាប្រទេស ឬស្ថាប័នហិរញ្ញវត្ថុដែលបន្តទិញប្រេងពីអ៊ីរ៉ង់។ ចិនចាត់ទុកសកម្មភាពរបស់អាម៉េរិកថាជាការរំលោភបំពានលើច្បាប់អន្តរជាតិ ដោយសារតែវាជាការសម្រេចចិត្តដោយឯកតោភាគីរបស់អាម៉េរិកផ្ទាល់ ដែលមិនមានការយល់ព្រមពីអង្គការសហប្រជាជាតិឡើយ ។

ភាពតានតឹងនេះបានឈានដល់កម្រិតខ្ពស់ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុអាម៉េរិក បានព្រមានចំៗទៅលើធនាគារធំៗរបស់ចិន ឱ្យបញ្ឈប់ការផ្ទេរប្រាក់ពាក់ព័ន្ធនឹងប្រេងអ៊ីរ៉ង់។ អាម៉េរិកមានបំណងប្រើប្រាស់វិធានការបិទខ្ទប់ផ្លូវទឹក និងទណ្ឌកម្មសេដ្ឋកិច្ចដើម្បីបង្ខំឱ្យចិន ដែលជាអតិថិជនធំជាងគេបំផុតរបស់អ៊ីរ៉ង់ ផ្អាកការទិញប្រេងទាំងស្រុង ។

បញ្ហានេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងថាមពល ព្រោះថាចិនគឺជាអ្នកទិញប្រេងតាមសមុទ្រជាង ៨០% ពីអ៊ីរ៉ង់។ ការផុតកំណត់នៃអាជ្ញាប័ណ្ណលើកលែងទណ្ឌកម្ម (ការអនុញ្ញាតពិសេស) នៅថ្ងៃទី ១៩ ខែមេសា ខាងមុខនេះ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ ដែលអាចធ្វើឱ្យទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ (ចិន និងអាម៉េរិក) កាន់តែមានភាពប្រេះឆាខ្លាំងជាងមុន ។

ទោះបីជាមានភាពរកាំរកូសផ្នែកនយោបាយ និងសេដ្ឋកិច្ច ប៉ុន្តែចិននៅតែបង្ហាញជំហរបើកចំហក្នុងការរក្សាទំនាក់ទំនងជាមួយអាម៉េរិក តាមរយៈកិច្ចពិភាក្សាអំពីទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងក៏បានឆ្លៀតឱកាសប្រើប្រាស់ការទូតវប្បធម៌ ដើម្បីលើកកម្ពស់តម្លៃភាសាចិនលើឆាកអន្តរជាតិ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃសមភាពរវាងអរិយធម៌នានាលើពិភពលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ VIORY/ Marine Traffic