ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន បង្ហាញជំហររឹងមាំថា ទីក្រុងអ៊ីស្លាម៉ាបាដនឹងបន្តសម្របសម្រួលការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់

image


ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថាន តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក តាហ៊ើ ហ៊ូសស៊េន អាន់ដ្រាប៊ី (Tahir Hussain Andrabi) កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញជំហររឹងមាំថា ទីក្រុងអ៊ីស្លាម៉ាបាដនឹងបន្តធ្វើជាអាជ្ញាកណ្ដាល ដើម្បីសម្របសម្រួលការចរចាសន្តិភាពរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ទោះបីជាជំនួបនាពេលកន្លងមក មិនទាន់សម្រេចបានលទ្ធផលផ្លែផ្កាក៏ដោយ។ ប៉ាគីស្ថានជឿជាក់ថា ការចរចា គឺជាផ្លូវតែមួយគត់ ដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ និងរក្សាស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ។

ដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា ប៉ាគីស្ថាន បានបញ្ជូនមេបញ្ជាការកងទ័ពជាន់ខ្ពស់ទៅកាន់ប្រទេសអ៊ីរ៉ង់ផ្ទាល់ ដើម្បីបន្តកិច្ចពិភាក្សាផ្នែកសន្តិសុខ។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់ថាជាសកម្មភាពការទូតប្រកបដោយស្មារតីស្ថាបនា ដែលជួយទប់ស្កាត់ការផ្ទុះអាវុធ និងជំរុញឱ្យភាគីជម្លោះងាកមករកតុចរចាសារជាថ្មី ។

ក្រៅពីបញ្ហាអាម៉េរិក-អ៊ីរ៉ង់ ប៉ាគីស្ថានក៏បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំង និងបានថ្កោលទោសចំពោះការវាយប្រហារដោយយោធារបស់អ៊ីស្រាអ៊ែលទៅលើប្រទេសលីបង់។ ប៉ាគីស្ថានយល់ឃើញថា សកម្មភាពយោធានេះ គឺជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជាឧបសគ្គដ៏ធំដែលរារាំងដល់កិច្ចប្រឹងប្រែងស្វែងរកសន្តិភាពដែលកំពុងអនុវត្តដោយសហគមន៍អន្តរជាតិ ។

ទន្ទឹមនឹងការងារសម្របសម្រួលជម្លោះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ក៏កំពុងធ្វើទស្សនកិច្ចតាមបណ្តាប្រទេសមហាអំណាចមូស្លីម រួមមានអារ៉ាប៊ីសាអូឌីត តួកគីយេ និងកាតា ដើម្បីពង្រឹងសម្ព័ន្ធភាព និងស្វែងរកការគាំទ្រក្នុងតំបន់។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងបង្រួបបង្រួមមតិសម្រាប់ដោះស្រាយវិបត្តិ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ជុំវិញលក្ខខណ្ឌនៃបទឈប់បាញ់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖ VIORY/ The Business Standard/ Marine Traffic.