សង្គម

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង៩៣ម៉ឺននាក់

image


បាត់ដំបង ៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ដឹងយ៉ាងដូច្នេះថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានចំនួនជាង៩៣ម៉ឺននាក់ មានការថយចុះជិត៥០% បើប្រៀបធៀបនឹងពិធីបុណ្យចូលឆ្នាំដូចគ្នា ឆ្នាំ២០២៥ ។

លោកអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់បែបលម្អិតទៀតថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ វត្តអារាម និងសង្ក្រាន្តបាត់ដំបង សរុបទាំងអស់មានចំនួន ៩៣៤.១៨៩ នាក់ ថយចុះ៤៦,៣៧% បើប្រៀបធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ ភ្ញៀវទេសចរជាតិ ចំនួន ៩៣២.៥៩៣ នាក់ ថយចុះ ៤៦,៣៧% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១.៥៩៦ នាក់ ថយចុះ ៤៤,៧៦% ។ ដោយឡែកសម្រាប់ភ្ញៀវទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង សរុបចំនួន ៣១២.០០១ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣១១.៣២៦ នាក់ ភ្ញៀវអន្តរជាតិចំនួន៦៧៥នាក់ ហើយភ្ញៀវទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង សរុបចំនួន ៦២២.១៨៨ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៦២១.២៦៧ នាក់ និងភ្ញៀវអន្តរជាតិចំនួន៩២១ នាក់ ។

ពាក់ព័ន្ធនឹងស្ថានភាពភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង ក្នុងឆ្នាំនេះមានការថយចុះរហូតដល់ជិត៥០%នោះ ត្រូវបានលោកហម អរុណ បានបញ្ជាក់ឱ្យដឹងថា សម្រាប់ឆ្នាំនេះភ្ញៀវដើរលេងតាមគោលដៅទេសចរណ៍នានាគឺមានការកើនឡើង ដូចជារមណីយដ្ឋានកំពីងពួយ រួមជាមួយគោលដៅផ្សេងៗទៀតនោះ គឺមានចំនួនច្រើន ពិសេសនៅគោលដៅទេសចរណ៍ដែលមានទឹក ។

លោក ហម អរុណ បានបញ្ជាក់ថា មានកត្តា៣សំខាន់ ដែលធ្វើឱ្យភ្ញៀវមានការថយចុះជិត ៥០% នោះគឺ ទី១.អ្វីដែលទាញភ្ញៀវឱ្យថយចុះនោះគឺព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ដោយសារឆ្នាំមុនសង្ក្រាន្តរបស់យើងធ្វើមានការលេងបាញ់ទឹក ហើយភ្ញៀវភាគច្រើនជាយុវជនបានមកលេងទឹកតាំងពីពេលថ្ងៃរហូតដល់ល្ងាច និងមានការចល័តពីកន្លែងបាញ់ទឹក ទៅតំបន់ស្រុកឯកភ្នំទៀត តែសម្រាប់ឆ្នាំនេះមិនមានការកម្សាន្តលេងបាញ់ទឹកនោះទេ ទើបធ្វើឱ្យភ្ញៀវភាគច្រើនមិនបានចូលរួមក្នុងសង្ក្រាន្តបាត់ដំបង ។ បើប្រៀបធៀបឆ្នាំមុន សង្ក្រាន្តរយៈពេល៣ថ្ងៃដូចគ្នា មានចំនួនជាង១លាននាក់ តែឆ្នាំនេះបានចំនួនជាង៥០ម៉ឺននាក់ តែផ្ទុយទៅវិញភ្ញៀវបានទៅតាមគោលដៅទេសចរណ៍ មានការកើនឡើង ។

កត្តាទី២.ពាក់ព័ន្ធនឹងអាកាសធាតុមានភាពក្តៅខ្លាំង អ្នកខ្លះគាត់ខ្ជិលដើរ មកលេងស្រុកកំណើតហើយនៅតែផ្ទះជុំបងប្អូន និងក្រុមគ្រួសារ មិនចង់ចេញទៅខាងក្រៅ និងកត្តាទី៣.ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈ ក៏កើនឡើង ដែលនេះគឺជាផ្នែកមួយទប់ស្កាត់ភ្ញៀវមិនសូវដើរលេង តែសម្រាប់គោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង មានការកើនឡើង ជាពិសេសនៅតំបន់ជាប់ប្រភពទឹក ព្រោះនៅតំបន់សង្ក្រាន្តមិនមានការលេងទឹក ហើយសម្រាប់តំបន់ឯកភ្នំមានការកកស្ទះខ្លាំង ហើយលោកគិតថា សម្រាប់ថ្ងៃទី១៧ ខែមេសា មនុស្សនៅតែបន្តទៅលេងស្រុកឯកភ្នំទៀត ។ ដោយឡែករមណីយដ្ឋានកំពីងពួយ ក៏មានភ្ញៀវទៅលេងច្រើនដែរ កាលពីឆ្នាំមុនបញ្ហាផ្លូវមិនទាន់ធ្វើរួចរាល់ ទឹកក៏មិនសូវបានល្អ ការរៀបចំសណ្តាប់ធ្នាប់ក៏មិនទាន់បានល្អ តែសម្រាប់ឆ្នាំនេះ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានរៀបចំជាគណៈកម្មការចំពោះកិច្ចបានល្អទាំងអនាម័យបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ធ្វើឱ្យភ្ញៀវបានទៅលេងច្រើន ៕
ដោយ ៖ គួយ គឹមស៊ន