ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ Greenlyzer របស់សិង្ហបុរី ចុះហត្ថលេខាលើកិច្ចសហការជាយុទ្ធសាស្ត្រ ដើម្បីជំរុញថាមពលស្អាតនៅទូទាំងអាស៊ាន
សិង្ហបុរី៖ ក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនសម្ព័ន្ធអាជីវកម្មធំជាងគេ និងមានភាពចម្រុះបំផុតមួយរបស់កម្ពុជា និងក្រុមហ៊ុន Greenlyzer ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅថ្ងៃទី ១៧ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MOA) ដ៏សំខាន់មួយ ដើម្បីពន្លឿនការដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយថាមពលអ៊ីដ្រូសែនបៃតងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងអាស៊ាន។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅក្នុងប្រទេសសិង្ហបុរី ដោយមានថ្នាក់ដឹកនាំសំខាន់ៗមកពីភាគីទាំងពីរចូលរួម ក្នុងនោះរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group, លោកបណ្ឌិត Bo Bai ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាល និងជាសហស្ថាបនិកនៃ Alpha Ladder Group, លោកស្រី Tin Pei Ling សហប្រធានក្រុមហ៊ុន Alpha Ladder Group និងលោកបណ្ឌិត Huang Kuan អគ្គនាយកក្រុមហ៊ុន Greenlyzer និងជាប្រធាន Digital Green Group។ ក្រុមហ៊ុន Greenlyzer គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alpha Ladder Group ("Alpha Ladder")។
Greenlyzer គឺជាក្រុមហ៊ុនសកលថ្មីដ៏មានសក្តានុពល ដែលកំពុងអភិវឌ្ឍប្រព័ន្ធថាមពលជំនាន់ថ្មីនៅចំណុចប្រសព្វរវាងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងវិស័យថាមពល។ ជាមួយនឹងតម្រូវការកើនឡើងសម្រាប់ថាមពលប្រកបដោយនិរន្តរភាព ដើម្បីផ្គត់ផ្គង់ដល់ AI កម្រិតខ្ពស់ និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន ខណៈដែលបណ្តាញអគ្គិសនីបែបប្រពៃណីកំពុងប្រឈមនឹងសម្ពាធនោះ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធបច្ចេកវិទ្យា Green Moving Grid (GMG) ដែលអាចបម្លែងអ៊ីដ្រូសែនទៅជាថាមពលមានស្ថេរភាព សុវត្ថិភាព និងអាចបត់បែនបាន ដើម្បីផ្គត់ផ្គង់អគ្គិសនីទៅកាន់ទីតាំងសំខាន់ៗ ដូចជា មជ្ឈមណ្ឌលទិន្នន័យ រោងចក្រឧស្សាហកម្ម រហូតដល់តំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះដោយគ្រោះមហន្តរាយ។
បច្ចេកវិទ្យាស្នូលរបស់វា គឺ Alpha Energy System ខណៈដែល AI ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការបានប្រសើរឡើងក្នុងពេលជាក់ស្តែង។
ភាពជាដៃគូនេះ នឹងសិក្សាអំពីឱកាសសាកល្បងដាក់ឲ្យប្រើប្រាស់ GMG និងនវានុវត្តន៍ផ្សេងៗផ្អែកលើអ៊ីដ្រូសែនបៃតង ដើម្បីបង្ហាញពីវិធីអនុវត្តជាក់ស្តែង សម្រាប់ការផលិត និងប្រើប្រាស់អ៊ីដ្រូសែនបៃតងនៅក្នុងស្រុក ក្នុងទ្រង់ទ្រាយធំ។
កិច្ចសហការនេះ ក៏ជួយពង្រឹងតួនាទីរបស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលនវានុវត្តន៍បៃតងសម្រាប់អាស៊ាន ជាពិសេសនៅពេលដែលសិង្ហបុរីត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២៧។ ក្នុងពេលដូចគ្នានេះ វាក៏បង្ហាញពីបំណងរបស់កម្ពុជា ក្នុងការក្លាយជាចំណុចតភ្ជាប់ ដ៏សំខាន់ដែលកំពុងរីកចម្រើននៅក្នុងសេដ្ឋកិច្ចបៃតង និងឌីជីថលនៅអាស៊ានផងដែរ។
លោកស្រី Tin Pei Ling សហប្រធានក្រុមហ៊ុន Alpha Ladder Group មានប្រសាសន៍ថា៖ «ការរង្គោះរង្គើថាមពលនាពេលថ្មីៗនេះ ដែលបណ្តាលមកពីជម្លោះនៅអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រ និងភាពរស់រាននៃថាមពល។ បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឥឡូវនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ព្រោះវានឹងពង្រឹងសន្តិសុខថាមពលក្នុងតំបន់ និងធ្វើឱ្យប្រភពផ្គត់ផ្គង់មានភាពចម្រុះ។ ហេតុដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន Royal Group ក្នុងគ្រាដ៏សំខាន់នេះ។ តាមរយៈការទាញយកថាមពលប្រកបដោយនិរន្តរភាពរបស់កម្ពុជា និងបញ្ជូនវាទៅកាន់កន្លែងដែលត្រូវការតាមរយៈ Green Moving Grid យើងអាចជួយដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនាំយកថាមពលទៅកាន់តំបន់ដែលមិនទាន់ទទួលបានសេវាគ្រប់គ្រាន់។ យើងមើលឃើញថា នេះគឺជាការស្របគ្នាយ៉ាងខ្លាំងជាមួយនឹងចក្ខុវិស័យរយៈពេលវែងរបស់អាស៊ានសម្រាប់បណ្តាញអគ្គិសនី APG ដែលតភ្ជាប់គ្នា។»
លោកបណ្ឌិត Huang Kuan អគ្គនាយកក្រុមហ៊ុន Greenlyzer មានឲ្យដឹងថា៖ «អាស៊ីអាគ្នេយ៍ស្ថិតក្នុងចំណុចរបត់ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរថាមពល។ ឧស្សាហូបនីយកម្មយ៉ាងលឿនរបស់តំបន់ និងការពង្រីកសេដ្ឋកិច្ចឌីជីថល កំពុងធ្វើឱ្យគម្លាតរវាងលទ្ធភាពទទួលបានថាមពលស្អាត និងតម្រូវការកាន់តែរីកធំឡើងក្នុងល្បឿនយ៉ាងលឿន។ បច្ចេកវិទ្យា Green Moving Grid របស់យើង ផ្តល់នូវស្រទាប់បន្ថែមជំនួយជំនាន់ក្រោយដល់បណ្តាញអគ្គិសនីធម្មតា ដោយផ្អែកលើអ៊ីដ្រូសែនបៃតង ដែលមានភាពរហ័ស និងមានភាពបត់បែនជាងមុនក្នុងការអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់។»