មានអ្នកដំណើរ៥០នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ថ្ងៃមកនេះ រាប់ទាំងថ្ងៃចូលឆ្នាំ
ភ្នំពេញ៖ ក្នុងរយៈពេល១០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រួមទាំងក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី នៅទូទាំងប្រទេសកម្ពុជា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង ៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់ ៥០នាក់ និងរងរបួសធ្ងន់ស្រាល ១៤៣នាក់។ នេះបើតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ បានបញ្ជាក់ថា សម្រាប់ចន្លោះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់ ១៧នាក់ និងរបួសធ្ងន់ស្រាល ៤៥នាក់ ធៀបឆ្នាំ២០២៥ ថយចុះ៣ករណី អ្នកស្លាប់ថយចុះ៩នាក់ និងរបួសថយចុះ២នាក់។
ចំពោះមូលហេតុនៃគ្រោះថ្នាក់ សម្រាប់ករណី១០ថ្ងៃចុងក្រោយនេះ រួមមាន ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕