ឯកអគ្គរដ្ឋទូតកាណាដា ជម្រាបសម្តេចធិបតី ពីការប្ដេជ្ញាចិត្តរបស់កាណាដា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដាបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ ការលើកឡើងនេះក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម គ្រីស្ទាន ដេរ៉ូឆេស (Christian DesRoches ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។
ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។
សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែមទៀត។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យ កាន់តែខ្លាំងក្លា ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
ក្នុងឱកាសជំនួប សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕
អត្ថបទ ៖ ហ៊ន សុភ័ក្រ