សង្គម

រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យមន្ត្រីក្រោមឱវាទ សហការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងធានាបាននូវតុល្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន

image


ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងនូវការជូនពរឆ្នាំថ្មី និងសួរសុខទុក្ខ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំបំពេញការងាររបស់ខ្លួន យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យវិស័យសុខាភិបាលកាន់តែរឹងមាំ និងមានវឌ្ឍនភាពល្អប្រសើរ។

ក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវការងារអាទិភាពបន្ទាប់ពីកិច្ចប្រជុំនៅប្រទេសបារាំង ប្រធានបទសុខភាពតែមួយ ដែលផ្តោតសំខាន់ៗលើសុខភាព មនុស្ស សត្វ និងបរិស្ថាន។ សុខភាពតែមួយ ផ្សារភ្ជាប់ជាមួយប្រធានបទសំខាន់ៗ សត្វផ្ទុកមេរោគ អាចចម្លងមកមនុស្ស និងភ្នាក់ងារចម្លងជំងឺ, ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ, សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ ដោយការបំពុលនានា ដែលយើងត្រូវយកចិត្តទុកខ្ពស់ ដើម្បីពង្រឹងការការពារ ប្រសើរជាងព្យាបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យមានការសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជាពិសេសដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីជំរុញ និងធានាបាននូវតុល្យភាព ការអភិវឌ្ឍប្រកបដោយចីរភាព រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន។
បន្ថែមពីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលត្រូវបង្កើតសកម្មភាពអប់រំផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងពីការអប់រំដល់ប្រជាពលរដ្ឋពី សុវត្ថិភាពចំណីអាហារ និងវិធីសាស្រ្តការពារជំងឺឆ្លងនានា៕

អត្ថបទ៖ សន ពិសិដ្ឋ