ទិន្នន័យផ្កាយរណបថៃ បង្ហាញថា ចំណុចដែលមានភ្លើងឆេះព្រៃនៅក្នុងប្រទេសថៃ កើនឡើងខ្លាំងអំឡុង ៤ខែដំបូង ក្នុងឆ្នាំ ២០២៦
ថៃឡង់ដ៍៖ យោងតាមទិន្នន័យផ្កាយរណបពីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យាភូមិសាស្ត្រ ហៅកាត់ថា GISTDA របស់ប្រទេសថៃ បានកត់ត្រាចំនួននៃទីតាំងដែលមានភ្លើងឆេះព្រៃសរុប ១៣៣,៥៤៨ កន្លែង ចាប់ពីថ្ងៃទី ១ មករា ដល់ ១៩ មេសា ២០២៦ ដែលកើនឡើងជិត ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមានត្រឹម ៨៩,៥២០ កន្លែង ។
ការកើនឡើងចំនួននៃទីតាំងដែលមានភ្លើងឆេះព្រៃជិត ៥០% ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ បានបង្កឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងពីបញ្ហាភ្លើងឆេះព្រៃ និងខ្យល់កខ្វក់ PM2.5។ តួលេខនៃការកើនឡើងនេះ បានជំរុញឱ្យអាជ្ញាធរថៃ ត្រូវចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីតាមដាន និងទប់ស្កាត់ ។
នាខែមេសានេះ គឺជាខែដែលអាក្រក់បំផុត ដោយមានចំនួននៃចំណុចមានភ្លើងឆេះ ហក់ឡើងខ្ពស់រហូតដល់ជាង ៧៣,០០០ កន្លែង ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនសរុបប្រចាំឆ្នាំ។ ការកើនឡើងយ៉ាងគំហុគបែបនេះ បណ្តាលមកពីលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង ភាពស្ងួតហួតហែង និងកម្រិតសំណើមទាប ដែលបង្កលក្ខណៈងាយស្រួលដល់ការកើតមានភ្លើងឆេះ ។
តំបន់ភាគខាងជើងនៃប្រទេសថៃ រួមមានខេត្តឈៀងម៉ៃជាដើមនោះ គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែចំណុចដែលមានភ្លើងឆេះភាគច្រើន ស្ថិតនៅក្នុងតំបន់ព្រៃអភិរក្ស និងព្រៃបម្រុងជាតិ។ ជុំវិញបញ្ហានេះ កាលពីថ្ងៃទី ២០ ខែមេសា ភ្នាក់ងារ GISTDA បានចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅខេត្តឈៀងម៉ៃ ដើម្បីបង្ហាញពីប្រព័ន្ធតាមដាន និងព្យាករណ៍តាមផ្កាយរណប ក្នុងបំណងគ្រប់គ្រងបញ្ហាភ្លើងឆេះព្រៃឱ្យបានទាន់ពេលវេលា ។
មិនត្រឹមតែប្រទេសថៃប៉ុណ្ណោះទេ ប្រទេសជិតខាងរួមមាន ឡាវ និងមីយ៉ាន់ម៉ា ក៏កំពុងប្រឈមនឹងបញ្ហានេះយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលធ្វើឱ្យបញ្ហាខ្យល់កខ្វក់ក្លាយជាវិបត្តិកម្រិតតំបន់។ ទិន្នន័យផ្កាយរណប បង្ហាញថា ប្រទេសទាំងបីនេះតែងតែមានការកើនឡើងចំណុចភ្លើងឆេះក្នុងពេលដំណាលគ្នា ដែលប៉ះពាល់ដល់គុណភាពខ្យល់ពេញមួយតំបន់អាស៊ីអាគ្នេយ៍ដីគោកតែម្ដង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer