សភាពាណិជ្ជកម្មកម្ពុជា ស្វែងយល់ពីឱកាសវិនិយោគជាមួយក្រុមហ៊ុនជីវបច្ចេកវិទ្យា គ្រឿងសំអាង និងផលិតផលថែទាំសុខភាពនៅទីក្រុងក្វាងចូវ
ក្វាងចូវ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ឧកញ៉ា អ៉ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនកិច្ចស្វែងយល់នៅក្រុមហ៊ុន Guangzhou Meixi Biotechnology Co., Ltd. ក្នុងទីក្រុងក្វាងចូវ ប្រទេសចិន ដោយមានគោលបំណងស្វែងយល់ពីឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មដ៏មានសក្តានុពលរវាងភាគីទាំងពីរ។
ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន ជាពិសេសនៅក្នុងវិស័យជីវបច្ចេកវិទ្យា គ្រឿងសំអាង និងផលិតផលថែទាំសុខភាពដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានទស្សនារោងចក្រផលិតរបស់ក្រុមហ៊ុន ដោយទទួលបានការយល់ដឹងដោយផ្ទាល់អំពីដំណើរការផលិត ប្រព័ន្ធគ្រប់គ្រងគុណភាព និងសមត្ថភាពអភិវឌ្ឍន៍ផលិតផល។ ក្រុមហ៊ុន Guangzhou Meixi Biotechnology មានជំនាញខាងផលិតគ្រឿងសំអាង ផលិតផលថែរក្សាស្បែក សម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតផលថែទាំសុខភាព ដោយផ្តោតសំខាន់លើទីផ្សារនាំចេញ។
ឧកញ៉ា អ៉ឹង វណ្ណម៉ៅ បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន Guangzhou Meixi Biotechnology ដែលបានទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងផ្តល់ឱកាសដល់ប្រតិភូ បានសិក្សាស្វែងយល់ដោយផ្ទាល់ពីខ្សែច្រវ៉ាក់ផលិតកម្ម។
ឧកញ៉ា អ៉ឹង វណ្ណម៉ៅ បានមានប្រសាសន៍បន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងបើកផ្លូវសម្រាប់ការពិភាក្សាបន្ថែមទៀត និងកិច្ចព្រមព្រៀងដែលមានសក្តានុពលនាពេលអនាគត ដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន។ លោក ក៏បានគូសបញ្ជាក់ពីបរិយាកាសវិនិយោគអំណោយផលរបស់កម្ពុជា ទីតាំងយុទ្ធសាស្ត្រក្នុងអាស៊ាន និងទីផ្សារអ្នកប្រើប្រាស់ដែលកំពុងកើនឡើង ជាគុណសម្បត្តិសំខាន់ៗ សម្រាប់វិនិយោគិនចិនដែលកំពុងស្វែងរកការពង្រីកតំបន់។
តំណាងក្រុមហ៊ុន Guangzhou Meixi Biotechnology បានសម្តែងចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសចាប់ដៃគូពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដោយកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចដែលមានស្ថិរភាពរបស់ប្រទេសកម្ពុជា និងភាពបើកចំហចំពោះការវិនិយោគពីបរទេស។
ដំណើរទស្សនកិច្ចពាណិជ្ជកម្មរបស់ប្រតិភូសភាពាណិជ្ជកម្មនៅទីក្រុងក្វាងចូវនេះ ជាការឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន ដែលតែងតែណែនាំ និងចង្អុលបង្ហាញ ឱ្យធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ៕