សង្គម

កម្ពុជា–ចិន ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈវេទិកាជំនួបពាណិជ្ជកម្មនៅខេត្តក្វាងទុង

image


ខេត្តក្វាងទុង៖ សភាពាណិជ្ជកម្មកម្ពុជា បានបន្តបេសកកម្មយ៉ាងសកម្មក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញវិនិយោគ ដោយចូលរួមក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម (B2B) ជាមួយសហគមន៍អាជីវកម្មខេត្តក្វាងទុង ដែលជាខេត្តពាណិជ្ជកម្មក្រៅប្រទេសធំបំផុតរបស់ប្រទេសចិន។
ជំនួបពាណិជ្ជកម្មនេះ ប្រព្រឹត្តទៅក្រោមវត្តមានឧកញ៉ា អ៉ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ តំណាងអ្នកឧកញ៉ាគិត ម៉េង និងមានការចូលរួមពីលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង និងលោកបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាស្ថាបនិក ស៊ីអ៊ីអូមាស្ទ័រក្លឹប។

លោក Wu Shaowei ប្រធានសភាពាណិជ្ជកម្មអ្នកនាំចូល និងអ្នកនាំចេញខេត្តក្វាងទុង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងបានគូសបញ្ជាក់ពីភាពជាមិត្តជិតស្និទ្ធ និងដៃគូដែលអាចទុកចិត្តបានរវាងប្រទេសទាំងពីរ។
លោកបានបញ្ជាក់ថា កម្ពុជា កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់សហគ្រាសខេត្តក្វាងទុង ដែលចង់ពង្រីកខ្លួនទៅអាស៊ីអាគ្នេយ៍ ខណៈខេត្តក្វាងទុង ផ្តល់នូវប្រព័ន្ធឧស្សាហកម្មពេញលេញ ផលិតផលមានគុណភាព និងសេវាកម្មពាណិជ្ជកម្ម។

លោក Wu Shaowei បានបន្ថែមថា ព្រឹត្តិការណ៍នេះ ផ្តោតលើការផ្គូផ្គងការផ្គត់ផ្គង់ និងតម្រូវការយ៉ាងច្បាស់លាស់ ដោយមានគោលដៅភ្ជាប់សមត្ថភាពផលិតកម្ម និងជំនាញរបស់ខេត្តក្វាងទុង ជាមួយតម្រូវការទីផ្សារនិងសក្តានុពលឧស្សាហកម្មរបស់កម្ពុជា ដើម្បីបង្កើតលទ្ធផល “ឈ្នះ-ឈ្នះ” សម្រាប់ភាគីទាំងពីរ។

ជាមួយគ្នានេះ សភាពាណិជ្ជកម្មអ្នកនាំចូល និងអ្នកនាំចេញខេត្តក្វាងទុង ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការជាប្រចាំ និងផ្តល់ការគាំទ្រពេញលេញ ដើម្បីជំរុញការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគី និងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងឱកាសនោះដែរ លោក អ៉ឹង វណ្ណម៉ៅ បានមានប្រសាសន៍ថា សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន គឺជាស្ថាប័នតែមួយគត់តំណាងឱ្យវិស័យឯកជននៅកម្ពុជា ដែលបានធ្វើការយ៉ាងសកម្មជាមួយដៃគូអន្តរជាតិនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការកៀរគរការវិនិយោគ។

លោកបានបន្ថែមថា សភាពាណិជ្ជកម្មកម្ពុជា តែងតែចូលរួមក្នុងកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម និងរៀបចំជំនួបអាជីវកម្ម ដើម្បីភ្ជាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានា ជាពិសេសប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ក្រោមក្របខ័ណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative)។
លោក អ៉ឹង វណ្ណម៉ៅ បានសង្កត់ធ្ងន់ថា ការជួបប្រជុំថ្ងៃនេះ គឺជាវេទិកាសំខាន់សម្រាប់ភ្ជាប់សហគ្រាសពីភាគីទាំងពីរ ដើម្បីពង្រីកទីផ្សារ នាំចូល និងនាំចេញផលិតផលគុណភាពខ្ពស់ ព្រមទាំងបង្កើតឱកាសវិនិយោគ និងភាពជាដៃគូថ្មីៗ ក្នុងវិស័យសំខាន់ៗ ដូចជា កសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្មទំនើប។

កម្មវិធីជំនួបពាណិជ្ជកម្មនាពេលនេះ មានគោលបំណងសំខាន់ក្នុងការបំពេញគ្នាទៅវិញទៅមកនៃសក្តានុពលពាណិជ្ជកម្ម រវាងខេត្តក្វាងទុង ដែលមានខ្សែសង្វាក់ផ្គត់ផ្គង់រឹងមាំក្នុងវិស័យព័ត៌មានវិទ្យាអេឡិចត្រូនិច គ្រឿងចក្រ សម្ភារៈសំណង់ និងទំនិញប្រើប្រាស់ និងប្រទេសកម្ពុជា ដែលកំពុងពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្ម និងមានតម្រូវការខ្ពស់លើបច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រវិស័យកសិកម្ម វាយនភណ្ឌ និងផលិតកម្ម៕