ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវសហគមន៍អន្តរជាតិឱ្យទាមទារអាម៉េរិក ទទួលខុសត្រូវចំពោះការរំលោភបំពានធ្ងន់ធ្ងរក្នុងតំបន់មជ្ឈិមបូព៌ា

image


អ៊ីរ៉ង់៖ ថ្លែងចេញពីទីក្រុងតេហ៍រ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្ម៊ែល បាខាអ៊ី (Esmail Baqaei) កាលពីដើមសប្ដាហ៍នេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិទាមទារឱ្យសហរដ្ឋអាម៉េរិក «ទទួលខុសត្រូវចំពោះការរំលោភបំពានធ្ងន់ធ្ងរក្នុងតំបន់មជ្ឈិមបូព៌ា» ខណៈដែលការចរចាចុងក្រោយរវាងភាគីទាំងពីរ ហាក់បន្តស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលអ៊ីរ៉ង់ បានសម្តែងការអរគុណជាខ្លាំងចំពោះប្រទេសរុស្ស៊ី និងចិន ដែលបានជួយការពារខ្លួននៅលើឆាកអន្តរជាតិ តាមរយៈការរារាំងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងវិបត្តិនៅច្រកសមុទ្រ ហ័រមូស (Hormuz)។ អ៊ីរ៉ង់ជឿជាក់ថា ការរួមសម្លេងជាមួយមហាអំណាចទាំងពីរនេះ នឹងជួយដាក់សម្ពាធឱ្យសហរដ្ឋអាម៉េរិក ទទួលខុសត្រូវចំពោះរាល់សកម្មភាពយោធាដែលបានបង្កការរំលោភបំពាននៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ។

ទន្ទឹមនឹងការប្រើប្រាស់ផ្លូវការទូតតាមរយៈអង្គការសហប្រជាជាតិ អ៊ីរ៉ង់ក៏បានអំពាវនាវឱ្យស្ថាប័នធំៗ ដូចជា ប្រ៊ីក (BRICS) និងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ដើរតួនាទីកាន់តែសកម្មក្នុងការដោះស្រាយបញ្ហានេះ។ សម្រាប់អ៊ីរ៉ង់ ស្ថាប័នទាំងនេះ គឺជាវេទិកាដ៏សំខាន់ដែលអាចទប់ទល់នឹងឥទ្ធិពលរបស់អាម៉េរិក និងជួយឱ្យមានយុត្តិធម៌សម្រាប់បណ្តាប្រទេសដែលរងគ្រោះដោយសារតែការបិទខ្ទប់សេដ្ឋកិច្ច និងយោធាពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ។
ទោះបីជាមានការព្រមព្រៀងគ្នាលើបទឈប់បាញ់ និងការរៀបចំឱ្យមានកិច្ចចរចាសន្តិភាពនៅប៉ាគីស្ថានក៏ដោយ ប៉ុន្តែស្ថានការណ៍ហាក់កាន់តែអាក្រក់ទៅវិញ បន្ទាប់ពីអាម៉េរិកបានបាញ់ប្រហារលើនាវាដឹកទំនិញរបស់អ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់ បញ្ជាក់ជំហរយ៉ាងច្បាស់ថា ពួកគេមិនមានជំនឿចិត្តលើអាម៉េរិកឡើយ ហើយកំពុងត្រៀមខ្លួនសម្រាប់គ្រប់សេណារីយ៉ូ រួមទាំងការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ ប្រសិនបើផ្លូវការទូតមិនមានលទ្ធផលជាវិជ្ជមាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Atta Kenare, AFP/ (D.C. Alex Brandon/Pool via REUTERS)/ Social Media via REUTERS