ព័ត៌មានអន្តរជាតិ

ភាគខាងកើតទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ កាលពីព្រឹកថ្ងៃចន្ទ

image


ឥណ្ឌូណេស៊ី៖ តំបន់ ឃីបុន ប៉ាឡា (Kebon Pala) ភាគខាងកើតទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីទន្លេ ស៊ីលីវុង (Ciliwung) បានហក់ឡើងដល់កម្ពស់ជាង ២ ម៉ែត្រ ដោយសារតែភ្លៀងធ្លាក់ខ្លាំងមិនដាច់សូរ។ ស្ថានភាពនេះ បានធ្វើឱ្យផ្ទះសម្បែង និងផ្លូវថ្នល់ជាច្រើនត្រូវទឹកជន់លិច ។

ទោះបីជាតំបន់នេះរងការជន់លិចរហូតដល់ ១០ ដងក្នុងមួយខែក៏ដោយ ប៉ុន្តែពលរដ្ឋភាគច្រើននៅតែមិនទាន់ព្រមជម្លៀសខ្លួនចេញពីផ្ទះនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានស្នើសុំឱ្យរដ្ឋាភិបាល ជួយរៀបចំកន្លែងស្នាក់នៅថ្មីឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីបញ្ចៀសការរស់នៅប្រឈមនឹងគ្រោះថ្នាក់តាមមាត់ទន្លេបែបនេះជារៀងរាល់ឆ្នាំ ។
អាជ្ញាធរឧតុនិយម ព្រមានថា គ្រោះមហន្តរាយបែបនេះ មិនទាន់ផុតរលត់នៅឡើយទេ ដោយសារតែបាតុភូតផ្លាស់ប្តូររដូវអាចបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ដែលនាំឱ្យមានហានិភ័យបាក់ដី និងទឹកជំនន់នៅតាមតំបន់ឆ្នេរសមុទ្រ។ បច្ចុប្បន្ន ក្រុមសង្គ្រោះកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋដែលរស់នៅក្នុងតំបន់ងាយរងគ្រោះបំផុត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.